ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៣នេះ បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។
បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ គ.ជ.ប បានប្រកាសនូវការបែងចែកអាសនៈ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា។
ជាមួយគ្នាឯកឧត្តម បញ្ជាក់ថា ក្រោយប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងថ្វាយលទ្ធផលផ្លូវការទៅព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តរៀបចំរាជរដ្ឋាភិបាល។
បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាសរុបចំ១២៥រូប។
យោងតាមបញ្ជីរាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន៥រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែលបានជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រួមមាន៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។
ក្រៅពីសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូបនេះ គឺសុទ្ធតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា៕




