ក្រុមកាយរិទ្ធិ៍សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់កម្មវិធីជួបជុំក្រុមកាយរិទ្ធិ៍ពិភពលោក (World Scout Jamboree) នឹងដកខ្លួនចេញពីទីតាំងបោះជំរុំនៅថ្ងៃអាទិត្យ ទី ៦ ខែសីហា ដោយសារកម្តៅក្តៅខ្លាំង និងស្ថានភាពអាកាសធាតុ ដែលក្លាយជាប្រទេសទីពីរក្នុងការដកខ្លួនចេញបន្ទាប់ពីចក្រភពអង់គ្លេស។

យោងតាមសារអេឡិចត្រូនិកដែលទទួលបានដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមរបស់សហរដ្ឋអាមេរិកនឹងចូលរួមក្នុងកម្មវិធីជួបជុំនៅថ្ងៃសៅរ៍នេះ មុនពេលធ្វើដំណើរទៅកាន់ជំរំយោធាអាមេរិក Garrison Humphreys នៅជិតទីតាំងពិធីជួបជុំ នៅថ្ងៃបន្ទាប់ ។
សារអេឡិចត្រូនិក ដែលបានផ្ញើទៅកាន់ឪពុកម្តាយដោយក្រុមប្រព័ន្ធផ្សព្វផ្សាយនៃក្រុមរបស់សហរដ្ឋអាមេរិកបានិយាយថា ក្រុមរបស់សហរដ្ឋអាមេរិកមកកាន់ពិធីជួបជុំកាយរិទ្ធិ៍ពិភពលោក(World Scout Jamboree) បានធ្វើការសម្រេចចិត្តដ៏លំបាកថា យើងនឹងចាកចេញពីពិធីជួបជុំកាយរិទ្ធិ៍ពិភពលោកលើកទី ២៥ នៅព្រឹកព្រលឹម ដោយសារតែអាកាសធាតុក្តៅខ្លាំងនៅបន្ត និងបណ្តាលឲ្យមានលក្ខខណ្ឌជាច្រើននៅទីតាំងពិធីជួបជុំ ។ សីតុណ្ហភាពបានឡើងដល់ ៣៤ អង្សាសេនៅក្នុងតំបន់វាលទំនាប Saemangeum (សេ ម៉ានគឹម) ជិតទីក្រុង Buan នៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកចូលរួមចំនួន ៣៩.០០០ នាក់ ភាគច្រើននៃក្រុមកាយរិទ្ធិ៍មានអាយុពី ១៤ ទៅ ១៨ ឆ្នាំកំពុងបោះជំរំ។ ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ធ្វើឡើងជាការប៉ះទង្គិចបន្ថែមទៀតដល់អ្នករៀបចំកម្មវិធី និងរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ដែលកាលពីថ្ងៃសុក្របាននិយាយថា ខ្លួននឹងបញ្ជូនរថយន្តទឹក កន្លែងមានបំពាក់ម៉ាស៊ីនត្រជាក់ និងក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះនៅក្នុងព្រឹត្តិការណ៍នេះ។

ក្រុមកាយរិទ្ធិ៍មកពីចក្រភពអង់គ្លេស ជាក្រុមធំជាងគេនៅពិធីជួបជុំ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានផ្លាស់ទៅកាន់សណ្ឋាគារក្នុងទីក្រុងសេអ៊ូលមួយរយៈពេលនៃការស្នាក់នៅរបស់ពួកគេ ដើម្បីកាត់បន្ថយសម្ពាធនៅទីតាំងជួបជុំ។
អង្គការពិភពលោកនៃចលនាកាយរិទ្ធិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ខ្លួនបានស្នើឱ្យសមាគមកាយរិទ្ធិកូរ៉េពិចារណា ជម្រើសជំនួសដើម្បីបញ្ចប់ព្រឹត្តិការណ៍នេះឲ្យបានលឿនជាងការគ្រោងទុក និងជួយដល់អ្នកចូលរួមរហូតដល់ពួកគេចាកចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។