អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ការចោទប្រកាន់ពីបទរៀបចំផែនការបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ថា ជា «រឿងក្លែងក្លាយ» មួយថ្ងៃបន្ទាប់ពីការចូលខ្លួនបំភ្លឺរបស់លោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

លោក Trump បាននិយាយនៅក្នុងពិធីជប់លៀងរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Alabama កាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះគឺជា «ទង្វើនៃភាពអស់សង្ឃឹម» របស់ប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដោយដាក់គោលដៅមកលើលោកសម្រាប់ហេតុផលនយោបាយ។
លោក Trump មានអាយុ ៧៧ ឆ្នាំបាននិយាយចំអកឱ្យទីប្រឹក្សាពិសេសលោក Jack Smith ដោយហៅលោកថា «វង្វេងស្មារតី» និង «គ្មានព្រលឹង» ។
អតីតប្រធានាធិបតីរូបនេះ ប្រឈមមុខការចោទប្រកាន់ចំនួនបួនករណី រួមទាំងការរួមគំនិតក្នុងការបន្លំសហរដ្ឋអាមេរិក ដកហូតសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ និងរារាំងដំណើរការផ្លូវការ។ បទចោទប្រកាន់ធ្ងន់ធ្ងរ បំផុតអាចជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ៕