ពលរដ្ឋត្រូវការជំនួយមនុស្សធម៌ខ្លាំងបំផុត ខណៈការប៉ះទង្គិចគ្នាដ៏ហិង្សា បានបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងតំបន់រដ្ឋធានីធំៗ រួមមានរដ្ឋធានី Khartoum ទីក្រុង Omdurman និងទីក្រុង Khartoum ខាងជើង ឬ Bashi ព្រមទាំងនៅក្នុងតំបន់ Darfur ភាគខាងលិច។ កាលពីពេលថ្មីៗភាគីទាំងពីរ បានប្រយុទ្ធគ្នាខ្លាំងនៅជុំវិញទីបញ្ជាការកងវិស្វកម្មនៅខាងត្បូងទីក្រុង Omdurman និងមូលដ្ឋានអាកាសដែលនៅក្បែរនោះ។

កងកម្លាំងគាំទ្ររហ័ស(RSF) បានអះអាងកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ចប់ការហ៊ុមព័ទ្ធទីបញ្ជាការ កងវិស្វកម្ម ហើយបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងតំបន់ជុំវិញ ដោយមានបំណងជំរុញកងកម្លាំង ប្រដាប់អាវុធស៊ូដង់(SAF) ចេញពីតំបន់នោះ។
កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) បាននិយាយថា ខ្លួនបានបន្តប្រើប្រាស់កងកម្លាំងពិសេស ដើម្បីវាយឆ្មក់នៅតំបន់ជាច្រើននៅតំបន់រដ្ឋធានីធំៗ ដោយបានសម្លាប់ទាហាន កងកម្លាំងគាំទ្ររហ័ស(RSF) ៣៥ នាក់ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ និងបានបំផ្លាញរថយន្តយោធាមួយចំនួន។ នៅតំបន់ Darfur ដែលជាសមរភូមិសំខាន់មួយទៀតនៃជម្លោះ ភាគីទាំងពីរបានបន្តប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រនៅទីក្រុងNyalaរដ្ឋធានីDarfur ខាងត្បូង ទីក្រុង al-Fashir រដ្ឋធានី Darfur ខាងជើង និងទីក្រុង Zalingei រដ្ឋធានីDarfur ភាគកណ្តាល ។

កងកម្លាំងគាំទ្ររហស័(RSF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងទីក្រុង Zalingei និងទីក្រុងDarfur ភាគកណ្តាល ហើយពួកគេរុលចូលទៅកាន់ទីក្រុង Khartoum ។ ជម្លោះប្រដាប់អាវុធនៅប្រទេសស៊ូដង់ បានអូសបន្លាយពេលជាង ១០០ ថ្ងៃ ហើយស្ថានភាពមនុស្សធម៌នៅទីនោះកាន់តែជួបភាពធ្ងន់ធ្ងរ។ ប្រជាជនក្នុងតំបន់កំពុងត្រូវការបន្ទាន់នូវស្បៀងអាហារ ថ្នាំពេទ្យ និងតម្រូវការផ្សេងៗទៀតសម្រាប់ជីវិត។