ភ្នំពេញ៖ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ម្សិលមិញ ស្ថានភាពជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសកម្ពុជា បានស្រកទៅវិញអស់ហើយ ដែលស្ថិតក្នុងសភាពមួយមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែស្ថានភាពទឹកទន្លេមេង្គ បែរជាកំពុងហក់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ឯកឧត្តម មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៥ ខែសីហា នេះថា បច្ចុប្បន្ន ទឹកនៅតាមទន្លេមេគង្គ មានដូចជា៖ ខេត្តកំពង់ចាម ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ កំពុងហក់ឡើង ប៉ុន្តែមិនទាន់ដល់ចំណុចត្រូវប្រកាសអាសន្ននោះទេ។ ហើយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ កំពុងតាមដានយ៉ាង យកចិត្តទុកដាក់ជាទីបំផុត ។
ក្រៅពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងកម្លាំងត្រៀមជួយអន្តរាគមន៍ផងដែរ។
ដើម្បីបង្ការគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានរៀបចំផែនការដូចជា៖ ពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិ រហូតដល់ថ្នាក់ មូលដ្ឋាន មានកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ ចំនួន១៦កង និងត្រៀមសម្ភារៈផ្សេងៗទៀត ៕អត្ថបទ៖ ទូច សោភ័ណ


