បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកខាងត្បូង Copa America ដែលនឹងចូលមកដល់នៅខែក្រោយទៅហើយនោះ សហម្ចាស់ផ្ទះកូឡុំប៊ីបានដកខ្លួនពីការរៀបចំ ជាមួយអាហ្សង់ទីនទៅហើយដោយសារតែវិបត្តិ Covid-19។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL បានប្រកាសថា កូឡុំប៊ីនឹងមិនរៀបចំការប្រកួត Copa America នៅខែក្រោយឡើយ។ មុនការប្រកាសរបស់ CONMEBOL កូឡុំប៊ីក៏បានស្នើសុំអោយមានការលើកពេលប្រកួត Copa America ផងដែរតែ CONMEBOL បានបដិសេធ ហើយនឹងធ្វើការសំរេចចិត្តតាមក្រោយថា តើប្រទេសណានឹងចូលមកជំនួសកូឡុំប៊ីនៅពេលឆាប់ៗនេះ។ ការសំរេចដកខ្លួនពីការរៀបចំការប្រកួត Copa America របស់កូឡុំប៊ីនេះ ដោយសារប្រទេសនេះកំពុងជួបនឹងបញ្ហាជាច្រើន អំឡុងវិបត្តិនៃមេរោគរាតត្បាតសកល Covid-19 នេះ។ ជាក់ស្ដែងបាតុកម្មនៅកូឡុំប៊ីបានកើតមានឡើងតាំងពីថ្ងៃទី២៨ ខែមេសា បន្ទាប់ពីប្រធានាធិបតី Ivan Duque មានបំណងបង្កើនពន្ធ ស្របពេលដែលប្រជាជនរាប់លាននាក់បាត់បង់ការងារធ្វើ។
ទោះបីជាក្រោយមកមិនមានការបង្កើនពន្ធអាករក៏ដោយ បាតុករនៅតែមាននៅតាមដងផ្លូវសំដែងការមិនពេញជាច្រើន របស់ការដឹកនាំរបស់រដ្ឋាភិបាល។ សប្ដាហ៍មុននគរបាលបានប៉ះទង្គិចជាមួយបាតុករនៅទីក្រុង Pereira និង Barranquilla ដែលជាទីតាំងប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa America។ ការប្រកួតពានរង្វាន់ក្លិបអាជីពកំពូលនៅអាមេរិកឡាទីន Copa Libertadores រវាង America de Cali របស់កូឡុំប៊ី និងក្លិបប្រេស៊ីល Atletico Mineiro សប្ដាហ៍មុនក៏មានការរំខានជាច្រើនលើកច្រើនសារដែរ ដោយសារហ្វូងបាតុករ។ ព្រឹត្តិការណ៍បាល់ទាត់ Copa America តាមការគ្រោងទុកនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមិថុនាខាងមុខដល់ថ្ងៃទី១០ ខែកក្កដា៕
អត្ថបទ៖នាង សុភាវុធ