ភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីព្យុះទីហ្វុង ខានុន (Khanun ) បានបោកបក់លើតំបន់ភ្នំនៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍ ទី៥សីហានេះ បង្កឲ្យមានទឹកជំនន់ និងបំណាក់បាក់ដី ដែលបានបិទផ្លូវ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ជាប់គាំង ខណៈក្រុមអាជ្ញាធរបានប្រញាប់ប្រញាល់បន្តបណ្តាញដឹកជញ្ជូនឡើងវិញ។

ភ្លៀងបានវាយលុកស្រុក ណានថូវ (Nantou ) ភាគកណ្តាលចាប់តាំងពីព្យុះទីហ្វុង Khanun បានបោកបក់កាត់ភាគខាងជើងកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នាំមកនូវកម្រិតភ្លៀងធ្លាក់ជាង ១ ម៉ែត្រ ពន្លិច ប្រជុំជន យឹណៃ (Renai) ដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់ និងបង្កឲ្យមានបំណាក់ដី និងលំហូរល្បប់។
ក្រុមអាជ្ញាធរបាននិយាយថា នៅទូទាំងកោះតៃវ៉ាន់ មនុស្សពីរនាក់បានបាត់ខ្លួននិងជាង ៤៦០ នាក់បានជាប់ខ្លួនក្នុងទឹកជំនន់ ដែលភាគច្រើននៅតំបន់ភ្នំដាច់ស្រយាល និងបានបន្ថែមថា រហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់និងរបួសនៅឡើយទេ។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករថានឹងបន្តនៅចុងសប្តាហ៍នេះ បើទោះបីជាក្នុងកម្រិតថយចុះក៏ដោយ ស្របពេលដែលក្រុមអាជ្ញាធរកោះនេះ បានបន្តចេញការព្រមានអំពីបំណាក់ដីសម្រាប់តំបន់ភ្នំភាគកណ្តាល និងភាគខាងត្បូងរបស់កោះតៃវ៉ាន់៕
