ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចាប់ផ្ដើមកិច្ចប្រជុំកំពូលចុងសប្ដាហ៍នេះក្នុងទីក្រុង ជេដា (Jeddah) ដែលមានការចូលរួមពីក្រុមមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន៤០ ប៉ុន្តែពុំមានរុស្ស៊ីទេ ក្នុងគោលបំណងពង្រាងគោលការណ៍សំខាន់ៗ ពីមធ្យោបាយធ្វើយ៉ាងណាអាចបញ្ចប់ការវាយលុករបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនបាន។

លោកប្រធានាធិបតី Volodymyr Zelenskyy បានស្វាគមន៍កាលពីថ្ងៃសុក្រ ចំពោះជំហររបស់ប្រទេសជាច្រើន ដែលបានចូលរួមក្នុងការពិភាក្សា ដែលបានចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ រួមទាំងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានរងផលប៉ះពាល់ដោយការហក់ឡើងតម្លៃស្បៀងអាហារបង្កឡើងដោយសារសង្គ្រាមនេះ ។
លោកថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ព្រោះផ្ដោតលើបញ្ហាជាច្រើនដូចជាសន្តិសុខស្បៀង ជោគវាសនារបស់មនុស្សរាប់លាននាក់នៅអាហ្រ្វិក អាស៊ី និងបណ្ដាប្រទេសផ្សេងទៀត របស់ពិភពលោក ដែលបានពឹងផ្អែកដោយផ្ទាល់ ថាតើ ពិភពលោកនឹងអនុវត្តន៍រូបមន្តសន្តិភាពបានឆាប់រហ័សប៉ុណ្ណា។
កាលពីខែមុន ប្រទេសរុស្ស៊ី បានបញ្ឈប់ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលអាចដឹកជញ្ជូនផលិតផលរបស់អ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ ទៅកាន់ប្រទេសនានា របស់ពិភពលោក ដែលកំពុង ជួបប្រទះភាពអត់ឃ្លាន៕
