ព្យុះមួយកំពុងខិតមកជិតតំបន់កោះសំខាន់របស់ខេត្តអូគីណាវ៉ា(Okinawa)និងកោះ អាម៉ាមី( Amami) នៃខេត្ត កាហ្គោហ្ស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន។ ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យរក្សាការប្រុងប្រយត្ន័ ព្រោះព្យុះកំពុងរំកិលយឺតៗ ហើយអាចប៉ះពាល់យូរ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ប៉ាន់ប្រមាណថា គិតត្រឹមម៉ោង២រសៀលថ្ងៃសៅរ៍នេះ ព្យុះ Khanun កំពុងរំកិលទៅទិសខាងកើតយឺតៗលើផ្ទៃទឹកចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងលិចកោះ តូគូណូហ្ស៊ីម៉ា (Tokunoshima) របស់ខេត្ត Kagoshima។
ព្យុះនេះកំពុងបក់បោកក្នុងល្បឿន១០៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាលរបស់វា ដោយមានខ្យល់ខ្លាំងបំផុត រហូតដល់១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះខ្យល់បោកបក់ខ្លាំង រលកខ្ពស់ៗ និងខ្យល់ព្យុះរហូតដល់ថ្ងៃអាទិត្យ។
ពពកនាំទឹកភ្លៀងសកម្មអាចកើតឡើងនៅកោះ អូគីណាវ៉ា និងអាម៉ាមីរហូតដល់ថ្ងៃអាទិត្យ និងនៅភាគខាងត្បូង កោះ គីអ៊ូស៊ូ (Kyushu) ចាប់ពីព្រឹកថ្ងៃអាទិត្យតទៅ។ ក្រុមអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ៕
