
អភិបាលក្រុងដែលលើកបន្តុបដោយរុស្ស៊ី បាននិយាយថា អគារសាកលវិទ្យាល័យមួយនៅទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែន បានឆេះ កាលពីល្ងាចថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) បន្ទាប់ពីមានការបាញ់ផ្លោងរបស់អ៊ុយក្រែន។
លោក Alexei Kulemzin អភិបាលក្រុងដែលលើកបន្តុបដោយរុស្ស៊ី បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ជាលទ្ធផលនៃការវាយប្រហារចុងក្រោយលើទីក្រុង Donetsk អគារដំបូងនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានឆេះ»។
លោកបាននិយាយថា ព័ត៌មានបឋមបានបង្ហាញពីមូលហេតុនៃការឆេះ គឺដោយសារការវាយប្រហារពីកងកម្លាំងអ៊ុយក្រែន ដែលប្រើគ្រាប់បែកចង្កោម។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃគណនីរបស់លោកអភិបាលក្រុងរូបនេះបានទេ។ គួរបញ្ជាក់ដែរថា អ៊ុយក្រែនដែលទទួលបានជំនួយគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក កាលពីខែមុននោះ បានប្តេជ្ញាថា នឹងប្រើប្រាស់វា ដើម្បីបំបែកការប្រមូលផ្តុំរបស់ទាហានសត្រូវ។
ដោយឡែក នៅល្ងាចថ្ងៃសៅរ៍ (ទី៥ ខែសីហា) នោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការទម្លាក់គ្រាប់បែកដឹកនាំដោយរុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលផ្តល់ឈាម នៅទីក្រុង Kupiansk ភាគខាងកើតតំបន់ Kharkiv។ លោក Zelenskiy បានធ្វើការអះអាងបែបនេះ តាមរយៈកម្មវិធីផ្ញើសារ Telegram របស់លោក ជាកន្លែងដែលគាត់ក៏បានបោះពុម្ពរូបថតបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់នៅមុខអគារដែលកំពុងឆេះ។ លោកបាននិយាយថា បុគ្គលិកជួយសង្គ្រោះកំពុងពន្លត់ភ្លើង នៅកន្លែងកើតហេតុ ហើយបានពណ៌នាការវាយប្រហារនោះថា ជា «ឧក្រិដ្ឋកម្មសង្គ្រាម» ដោយលោកបានបន្ថែមថា «មានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់ និងរបួស»។
តែយ៉ាងណាក្ដី ប្រទេសរុស្ស៊ី តែងតែបានបដិសេធម្ដងហើយម្ដងទៀតពីបំណង ក្នុងការកំណត់គោលដៅលើជនស៊ីវិល នៅក្នុងការលុកលុយយ៉ាងពេញលេញ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឲ្យមនុស្សរាប់លាននាក់អត់ផ្ទះសម្បែង និងបំផ្លាញទីក្រុងជាច្រើន។ ហើយនេះ គឺជាការវាយប្រហារចុងក្រោយបំផុត គិតចាប់តាំងពីទីក្រុងម៉ូស្គូ បានចាកចេញពីកិច្ចព្រមព្រៀង កាលពីខែមុន ដែលជាកិច្ចព្រមព្រៀង បានធានាការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បើទោះបីជាជម្លោះនៅតែបន្តកើតមានក៏ដោយ៕
