
អនាគតនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កំពុងធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ កាលពីថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) នៅពេលនគរបាល បានចាប់ខ្លួនលោកនៅគេហដ្ឋានផ្ទាល់តែម្ដង បន្ទាប់ពីតុលាការ បានកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទលាក់បំបាំងទ្រព្យសម្បត្តិ។
ការកាត់ទោសដាក់ពន្ធនាគារ អាចមើលឃើញថា លោក Khan ត្រូវបានរារាំងមិនឲ្យធ្វើនយោបាយ ដោយសារច្បាប់ចែងថា បុគ្គលណាដែលមានទោសព្រហ្មទណ្ឌមិនអាចកាន់កាប់ ឬឈរឈ្មោះសម្រាប់តំណែងសាធារណៈបានទេ។ គណបក្ស Tehreek-e-Insaf របស់ប៉ាគីស្ថាន ឬ PTI បានថ្កោលទោសសេចក្តីសម្រេចនេះ ហើយបាននិយាយថា ខ្លួននឹងតវ៉ាចំពោះសេចក្តីសម្រេចនេះ នៅក្នុងតុលាការកំពូល។
បើទោះបីជាតុលាការកំពូលអាចព្យួរការកាត់ទោសនេះបានក៏ដោយ ក៏គឺស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសឯណោះទេ ដែលនៅទីបំផុតអាចដកលោក Khan ពីឆាកនយោបាយបាន។
កិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យលោក Khan ជាប់ពន្ធនាគារ កើនឡើងយ៉ាងខ្លាំង នៅមុនការបោះឆ្នោតដែលរំពឹងថា នឹងកើតមាននៅចុងឆ្នាំនេះ។ ប្រជាប្រិយភាព និងមូលដ្ឋានគាំទ្រដ៏ធំរបស់លោក ក្នុងនោះរួមជាមួយនឹងសមត្ថភាពរបស់លោក ក្នុងការប្រមូលផ្តុំចំនួនមនុស្សដ៏ច្រើនផងនោះ បង្កការគំរាមកំហែងដល់រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច និងអាចធ្វើឲ្យបែកសំឡេងឆ្នោត។
តុលាការក្រុងអ៊ីស្លាម៉ាបាដ បានចេញដីកាចាប់ខ្លួន បន្ទាប់ពីកាត់ទោសលោក Khan។ មន្ត្រីនគរបាលជាន់ខ្ពស់លោក Ali Nasir Rizvi បាននិយាយថា នគរបាលបានធ្វើប្រតិបត្តិការយ៉ាងលឿន ដើម្បីនាំអ្នកនយោបាយរូបនេះចេញពីគេហដ្ឋានរបស់លោក នៅភាគខាងកើតទីក្រុង Lahore ទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន។
នេះជាលើកទី២ហើយដែល លោក Khan ត្រូវបានចាប់ឃុំខ្លួនក្នុងឆ្នាំនេះ។ ដោយឡែក នៅថ្ងៃសៅរ៍នោះដែរ អ្នកគាំទ្រជាច្រើននាក់ ក៏ត្រូវបានចាប់ខ្លួនដោយនគរបាល នៅទីក្រុង Peshawar បន្ទាប់ពីអ្នកគាំទ្រទាំងនោះ បានតវ៉ាប្រឆាំងនឹងការចាប់ខ្លួនរបស់លោក Khan៕