
ភ្នំពេញ៖ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្នុងមនោសញ្ចេតនាអាណិតអាសូរ ដល់អ្នករងគ្រោះ ឯកឧត្តមអ្នកតំណាងរាស្រ្តសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធលោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ជានិច្ចជាកាល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ រូបនេះតែងមានវត្តមានផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា និងខ្នះខ្នែងស្វែងរកដំណោះស្រាយភ្លាមៗ។ មិនតែប៉ុណ្ណោះ ឯកឧត្តមតែងតែនៅបន្តតាមដានការងារ ប្រកបដោយការយកចិត្តទុកដាក់ ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើយ៉ាងណាអាចដឹងទាន់សភាពការណ៍ និងជួយសម្របសម្រួលបន្ថែម។
សូមរំឮកផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥និង ៥៧នាទីកន្លងទៅនេះ លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ ១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ប្រភេទទម្ងន់ ២.៥តោន ដឹកកម្មករ-កម្មការិនី សរុបប្រហែល ៧៦នាក់ បើកបរពីជើង ទៅត្បូងមកដល់ចំណុចផ្លូវកោង បានបត់ទៅកើតបណ្ដាលអោយរេចង្កូតក្រឡាប់ធ្លាក់ស្រែ បណ្តាលឲ្យអ្នកជិះលើរថយន្ដរងរបួសធ្ងន់ ស្រាល នឹងមិនមានករណីបាត់បង់អាយុជីវិតនោះទេ។ កម្មករ-កម្មការិនីទាំងអស់ធ្វើការងារនៅរោងចក្រ សហគ្រាស នៅស្រុកអង្គស្នួល។ ពេលនេះ កម្មករ ដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តអស់ហើយ។
សរុបកម្មកររងរបួសមាន ៥១នាក់ ប្រុស ១៧នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ០៨នាក់ ប្រុស ០២នាក់។ បងប្អូនដែលរងរបួសទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ រីឯការសម្រាកព្យាបាលជំងឺ គឺមិនអស់ប្រាក់នោះទេ ដោយត្រូវបានទទួលបន្ទុកដោយ បេឡាជាតិរបបសន្តិសុខសង្គម (ហៅកាត់ ប.ស.ស) ទាំងស្រុង៕ អត្ថបទ រដ្ឋា






