
ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ៖ រាជរដ្ឋាភិបាលថ្មីដែលកើតចេញពីគណបក្សប្រជាជនខាងមុខនេះ បន្តដឹកនាំប្រទេសឆ្ពោះទៅមុខ មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានឱកាសប្រកបអាជីវកម្ម និងគោរពសាសនាដោយសុខដុមនីយកម្ម។
ការលើកឡើងបែបនេះ នៅក្នុងពិធីប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន២៤ ក្នុងខណ្ឌច្បារអំពៅ ក្នុងបរិវេណវត្តនិរោធរង្ស៉ី នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ការបោះឆ្នោតកន្លងមកនេះ ពលរដ្ឋម្នាក់ៗបានបំពេញសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំប្រទេស ថែរក្សាសន្តិភាព ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងសង្គម ជាពិសេសការពារឱ្យបានកាន់តែល្អប្រសើរនូវវិស័យ ពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ។ មិនតែប៉ុណ្ណោះការបោះឆ្នោតបានបង្ហាញកាន់តែច្បាស់ថែមទៀតនូវភាពចាស់ទុំខាងនយោបាយរបស់កម្ពុជា បង្ហាញនូវទឹកចិត្តស្រលាញ់ជាតិមាតុភូមិដ៏ជ្រៀលជ្រៅរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេលកន្លងមកនេះ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះនេះ ផ្លូវដើររបស់យើងនៅវែងឆ្ងាយបន្តទៀត ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ រដ្ឋសភានឹងធ្វើការចូលកាន់កន្លែង ចូលស្បថនៅក្នុងព្រះបរមរាជវាំង ក្រោយពីនោះរាជរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជានឹងលេចរូបរាងឡើងបន្តដឹកនាំប្រទេសប្រទេសឈានឆ្ពោះទៅមុខ ដោយមានទិសដៅយ៉ាងច្បាស់លាស់ ដោយធានាការសន្តិភាពឱ្យបានរឹងមាំ នឹងមានការចូលរួមពីគ្រប់វិស័យ។
សូមបញ្ជាក់ថា ៖ នៅក្នុងពិធីប្រគេនទៀនព្រះវស្សានោះ ឯកឧត្តម ប៉ា សុជាតិវង្ស លោកជំទាវ លោក ចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌច្បាអំពៅ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ បានចូលរួមជាបច្ច័យ ដែលក្នុងនោះ ក្នុង១វត្តៗទទួលបាននូវទៀនព្រះវស្សា១គូរ ថវិកា ៨០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៥០កេស ទឹកក្រូច ត្រីខកំប៉ុង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕អត្ថបទ ៖ ឌី ពៅយី





