
ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ (៦ សីហា) បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនថា បានរារាំង និងបាញ់ទឹកដាក់ទូកផ្គត់ផ្គង់យោធាហ្វីលីពី នៅសមុទ្រចិនខាងត្បូង ដោយថ្កោលទោស ចំពោះ «សកម្មភាពជ្រុលហួសហេតុ និងបំពារបំពាន» ប្រឆាំងនឹងនាវារបស់ខ្លួននេះ។
កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថា នាវាឆ្មាំឆ្នេររបស់ចិន កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) បានរារាំង និងប្រើទុយោបាញ់ទឹកដាក់ទូកហ្វីលីពីន ដែលជួលក្នុងបេសកកម្មឆ្លាស់ចុះឡើង និងបញ្ជូនជំនួយផ្គត់ផ្គង់កងទ័ពឡើងវិញ។
កងកម្លាំងហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះ បានកើតឡើង នៅជិតឆ្នេរ Thomas Shoal ទី២ ដែលទីក្រុងម៉ានីល ហៅថា Ayungin Shoal ជាទីដែលថ្មប៉ប្រះទឹកលិចទឹកដែលទាហានមួយចំនួនតូចរស់នៅលើកប៉ាល់ច្រែះរបស់អាមេរិក ក្នុងសម័យសង្គ្រាមលោកលើកទី២ ដែលត្រូវបានធ្វើឲ្យកឿងដោយចេតនា ក្នុងឆ្នាំ១៩៩៩។
ប្រទេសចិន ទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលជាការអះអាងត្រូវបានអន្តរជាតិច្រានចោល។ ទីក្រុងប៉េកាំងតែងតែធ្វើឲ្យប្រទេសជិតខាងខឹងសម្បាជាមួយនឹងសកម្មភាពដែនសមុទ្រ ដែលពួកគេហៅថា ការលុកលុយ និងជាមួយនឹងសកម្មភាពរយៈពេលវែង ដូចជាការកសាងកោះ នៅលើថ្មប៉ប្រះទឹក និងបំពាក់កោះទាំងនោះដោយមីស៊ីល និងផ្លូវយនតហោះរត់៕