ប៉ាគីស្ថាន៖ ស្ថានីយរថភ្លើងប៉ាគីស្ថាននិយាយថា មនុស្សយ៉ាងហោចណាស់៣០នាក់ បានស្លាប់ និង៨០នាក់រងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿង បានបើកធ្លាក់ផ្លូវ នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។
អ្នកនាំពាក្យក្រុមហ៊ុន លោក Babar Raza បានប្រាប់សារព័ត៌មាន CNN កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយ និងសង្រ្គោះ កំពុងបន្ត បន្ទាប់ពីក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Hazara Express បានធ្លាក់ផ្លូវជិតទីក្រុង ណាវ៉ាបសា( Nawabshah) នៅក្នុងភាគខាងត្បូងរបស់ខេត្តស៊ីន (Sindh) របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។
រថភ្លើងនេះ បានធ្វើដំណើរពីទីក្រុងការ៉ាជី(Karachi) ទៅកាន់ទីក្រុងហាវ៉េលៀន(Havelian)។
យោងតាមលោក Raza មនុស្ស ជាច្រើនត្រូវបានយកចេញពីគំនរកម្ទេចកម្ទីបំណែករថភ្លើង ហើយរថភ្លើងសង្រ្គោះចំនួន២គ្រឿង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។
វិទ្យុរបស់ប៉ាគីស្ថាន បានរាយការណ៍ថា សហប្រតិបត្តិការកំពុងបន្ត ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្បែរនោះ។
យោងតាមរដ្ឋមន្ត្រីក្រសួងផ្លូវដែកប៉ាគីស្ថាន លោក ខាវ៉ាចា សាដ រ៉ាហ្វីក(Khawaja Saad Rafique) មូលហេតុនាំឲ្យមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនឹងនឹងត្រូវបានកំណត់ បន្ទាប់ពីការស៊ើបអង្កេតឲ្យបានម៉ត់ចត់។
ប្រព័ន្ធផ្លូវរថភ្លើងរបស់ប្រទេសប៉ាគីស្ថាន មានកំណត់ត្រាសុវត្ថិភាពទាប ខណៈដែលការកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់សោកនាដកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងស្ដង់ដារសុវត្ថិភាពរបស់ប្រទេសនេះ ៕

