អាមេរិក៖ ក្រុមសកម្មជនប្រឆាំងសង្រ្គាមមួយក្រុមតូចបានធ្វើការតវ៉ានៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។
ទិវាមួយនេះធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងការវាយប្រហារនុយក្លេអ៊ែរលើកទីមួយរបស់ពិភពលោក ខណៈដែលរុស្ស៊ីបានលើកឡើងពីទិដ្ឋភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។
សកម្មជនបានកាន់ផ្ទាំងរូបភាពទាមទារឱ្យអង្គការណាតូបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ហើយបានដើរដង្ហែទៅកាន់ទន្លេ Hudson ជាទីដែលពួកគេបានតវ៉ានៅមុខនាវាផ្ទុកយន្តហោះអាមេរិកឈ្មោះ Intrepid ប្រើក្នុងសង្គ្រាមលោកលើកទីពីរ ដែលបច្ចុប្បន្នបម្រើជាសារមន្ទីរ។
គ្រាប់បែកដែលត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មានឈ្មោះថា "ក្មេងប្រុសតូច" បានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងប្រហែល១៤០.០០០នាក់នៅចុងឆ្នាំនៃការទម្លាក់នោះ។
ទីក្រុងណាហ្គាសាគី ទទួលរងការទម្លាក់គ្រាប់បែករយៈពេល៣ថ្ងៃក្រោយ គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ហើយជប៉ុនបានប្រកាសចុះចាញ់សង្គ្រាមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំដដែលនោះ៕

