នីហ្ស៖ នីហ្សេ បានបិទដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (៦ សីហា) រហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពីការគំរាមកំហែងនៃអន្តរាគមន៍យោធាពីប្លុកតំបន់អាហ្វ្រិកខាងលិច បន្ទាប់ពីបណ្ដាមេដឹកនាំរដ្ឋប្រហារ បានច្រានចោលកាលបរិច្ឆេទកំណត់ ដើម្បីប្រគល់អំណាចឲ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាចរបស់ប្រទេសនេះវិញ។
ដោយធ្វើសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ អ្នកតំណាងរបបសឹកនោះបាននិយាយថា ខ្លួនមានព័ត៌មានថា “មហាអំណាចបរទេស” កំពុងរៀបចំវាយប្រហារប្រទេសនីហ្សេ ដោយមានការសម្របសម្រួលជាមួយបណ្តាប្រទេសនៃសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)។
ប្រមុខការពារជាតិជាច្រើនរបស់សហគមន៍សេដ្ឋកិច្ច ECOWAS បានយល់ព្រមលើផែនការសកម្មភាពយោធាដែលអាចមាន រួមទាំងពេលវេលា និងទីកន្លែងដែលត្រូវធ្វើសកម្មភាព ប្រសិនបើប្រធានាធិបតីដែលត្រូវបានឃុំខ្លួន លោក Mohamed Bazoum មិនត្រូវបានដោះលែង និងប្រគល់អំណាចឲ្យវិញតាមកាលកំណត់នោះទេ។
ប្លុកនេះមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីជំហានបន្ទាប់របស់ខ្លួន ឬនៅម៉ោងណាពិតប្រាកដក្នុងថ្ងៃអាទិត្យដែលជាថ្ងៃផុតកំណត់ប្រគល់អំណាចនោះទេ។ អ្នកនាំពាក្យម្នាក់បាននិយាយមុននោះថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃថ្ងៃផុតកំណត់នោះ។
អតីតមហាអំណាចអាណានិគមបារាំងបាននិយាយកាលពីថ្ងៃសៅរ៍ (ទី 5 ខែសីហា) ថា ខ្លួននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីផ្តួលរំលំរដ្ឋប្រហារដោយមិនបានបញ្ជាក់ថាតើការលើកឡើងនោះរួមបញ្ចូលជំនួយយោធាដែរឬយ៉ាងណាទេ៕

