ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា)ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះពិនិត្យរោងចក្រផលិតអាវុធសំខាន់ៗរបស់ប្រទេសនេះ រួមទាំងរោងចក្រផលិតប្រព័ន្ធកាំភ្លើងធំ និងបាញ់បង្ហោះយានសម្រាប់មីស៊ីលផ្លោងដែលអាចបំពាក់នុយក្លេអ៊ែរ ហើយបានសន្យាថា នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសព្វាវុធរបស់យោធា និងការត្រៀមខ្លួនសម្រាប់សង្គ្រាម។

ការត្រួតពិនិត្យរយៈពេល៣ថ្ងៃរបស់លោក គីម គិតត្រឹមថ្ងៃសៅរ៍ បានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានរៀបចំសម្រាប់ជុំបន្ទាប់នៃសមយុទ្ធយោធារួមបញ្ចូលគ្នារបស់ពួកគេ ដែលគ្រោងធ្វើនៅចុងខែនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើងដែលកំពុងកើនឡើង។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារល្បឿននៃការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលលោក គីម ចាត់ទុកថា ជាការហាត់សមវាយលុកនោះ កាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងវដ្តនៃការតបទៅតបមកនោះ ។
អ្នកជំនាញខ្លះ និយាយថា ការធ្វើដំណើររបស់លោកគីម ទៅកាន់រោងចក្រផលិតសព្វាវុធ ក៏អាចពាក់ព័ន្ធនឹងលទ្ធភាពកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងមូស្គូដែលអាចពាក់ព័ន្ធនឹងការផ្គត់ផ្គង់កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងទៀតរបស់កូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាក់ទងជាមួយប្រទេសផ្សេងទៀត ដើម្បីទទួលបានការគាំទ្រក្នុងសង្គ្រាមនៅអ៊ុយក្រែន។
