ម៉ារ៉ាតុង៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៣ នៅអង្គរវត្តខេត្តសៀមរាបឆ្នាំ២០១៨ នឹងធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែធ្នូចុងសប្ដាហ៍នេះហើយ ស្របពេលចំនួនអ្នករត់បានកើនដល់ជាង ១០,៥០០នាក់ឯណោះ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អន្តរជាតិ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា គិតមកទល់ពេលនេះចំនួនអ្នកចុះឈ្មោះរួចរាល់ ត្រៀមរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ-អង្គរបានកើតជាងឆ្នាំមុនបន្តិចហើយ ក្នុងនោះមានភ្ញៀវបរទេសជាង ៥,០០០នាក់មកពី ៧៨ប្រទេសលើពិភពលោក ដែលចំនួននេះមានការកើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៧។ ប៉ុន្តែអ្វីដែលធ្វើឲ្យគណៈកម្មការរៀបចំមានការភ្ញាក់ផ្អើលនោះ គឺកំណើនប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះរត់ចម្ងាយ ២១គីឡូម៉ែត្រមានការកើនឡើងស្ទើរមិនគួរឲ្យជឿ បើធៀបនឹងឆ្នាំមុន ពោលគឺក្នុងចំណោមទាំងអស់រត់ ២១គីឡូម៉ែត្រទាំងអស់មានប្រជាពលរដ្ឋខ្មែរជាង ៣,០០០នាក់ឯណោះ។ នេះគឺសបញ្ជាក់ឲ្យឃើញនូវភាពរីកចម្រើន យ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានពេលវេលាលេងកីឡាដើម្បីទទួលបានសុខភាពល្អ ហើយអាចរត់ចម្ងាយឆ្ងាយបានច្រើនដូច្នេះ។
គួរបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការរៀបចំ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះ តាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការណែនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺផ្ដោតលើជាព្រឹត្តិការណ៍សប្បុរសធម៌ដដែល ដោយថវិកាទទួលបានពីការរៀបចំ នឹងត្រូវបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងកុមារកំព្រា ក៏ដូចជាជនពិការដោយគ្រប់មីនជាដើម៕
អត្ថបទ៖ លី ឈុនឡា

