តូក្យូ៖ សារព័ត៌មាន Asahi Shimbun របស់ជប៉ុនបានរាយការណ៍នៅថ្ងៃចន្ទ (៧ សីហា)នេះថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រនៅដើមខែសីហានេះ ដោយសំអាងដល់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ។

ការបង្ហូរទឹកនេះទំនងជានឹងធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅសហរដ្ឋអាមេរិកសប្តាហ៍ក្រោយ ហើយពន្យល់ពួកគេអំពីសុវត្ថិភាពនៃសំណល់ទឹកដែលកំពុងចោទជាសំណួរនេះ។
និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនកាលពីខែមុន បានផ្តល់ការយល់ព្រមសម្រាប់ប្រតិបត្តិកររោងចក្រ Tepco ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹក ដែលជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថាមានសុវត្ថិភាព ប៉ុន្តែប្រទេសក្បែរខាងបារម្ភថាវាអាចបំពុលអាហារពីក្នុងសមុទ្រ។
សារព័ត៌មាននោះបាននិយាយថា ការនេសាទត្រីតាមបាតសមុទ្រគ្រោងនឹងចាប់ផ្តើមពីខេត្ត ហ្វ៊ូគូស៊ីម៉ា ភាគឦសាននៃទីក្រុងតូក្យូក្នុងខែកញ្ញា ហើយរដ្ឋាភិបាលមានបំណងចាប់ផ្តើមការបង្ហូរទឹកមុនពេលរដូវនេសាទនោះចាប់ផ្តើម។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Hirokazu Matsuno បាននិយាយនៅថ្ងៃចន្ទ (៧ សីហា) នេះថា ប្រទេសជប៉ុនមិនទាន់សម្រេចចិត្តលើកាលបរិច្ឆេទជាក់លាក់ណាមួយ ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនោះទេ៕
