បាត់ដំបង៖ ស្ត្រីជនជាតិបារាំងមួយរូបដែលរងរបួសដោយសារលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុងខេត្តបាត់ដំបង បានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីទេសចរណ៍។
ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង។ នាងបានមកប្រទេសកម្ពុជា រយៈពេលពីរខែហើយបម្រើការងារជាបុគ្គលិកហាត់ការនៅមន្ទីរពេទ្យកាល់ម៉ែត។
ស្រ្តីរូបនោះបានជិះឡានក្រុងពេលយប់មកដល់បាត់ដំបង ប្រហែលម៉ោង៤ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ហើយបានប្រាប់ឱ្យPass App ដឹកគាត់មកសណ្ឋាគារ ឡាគី ប៉ុន្តែនៅពេល មកដល់មុខសណ្ឋាគារហើយ Pass App មិនបានដាក់គាត់ចុះតាមគោលដៅ ដែលបានចរចា មុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏Pass App មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវ ស្ងាត់។ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើPass App ធ្វើឲ្យមានរបួសបាក់ម្រាមដៃ និងរបកមុខមាត់។
ពាក់ព័ន្ធករណីនេះ លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា កម្លាំងនគរបាល និងមន្រ្តីជំនាញមន្ទីរទេសចរណ៍ខេត្តបានសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះពិនិត្យទីតាំងកើតហេតុ និងស្វែងរកមុខជនបង្កហេតុដែលជាម្ចាស់ម៉ូតូកង់បី ដឹកភ្ញៀវទេសចរជនជាតិបារាំង។គិតមកដល់ពេលនេះ ក្រុមការងារបានកំណត់មុខសញ្ញាបានមួយចំនួនហើយ និងបន្តដុតដៃដុតជើងបន្ថែមដើម្បីឃាត់ខ្លួនជនបង្កហេតុរូបនេះ។
លោក ហម អារុណ បានថ្លែងឱ្យដឹងបន្ថែមថា កញ្ញា អេលែន ជាជនរងគ្រោះ បានស្តែងនូវការថ្លែងអំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុកដាក់និងជួយដល់រូបគាត់ ពេលនេះគាត់មានអារម្មណ៍កក់ក្តៅវិញហើយ។
ជាមួយគ្នានោះ លោក កែវ ផុង ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន បានចុះទៅជួបស្ត្រីរងគ្រោះព្រមទាំងនាំយកថវិការបស់សម្តេចតេជោ ទៅជួយសម្រាប់ការព្យាបាលរបួសហើយជូនរូបនាងទៅដាក់ពាក្យបណ្តឹងផងដែរ៕





