ចិន៖ នៅថ្ងៃចន្ទ (៧ សីហា)នេះ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបញ្ចេញវីដេអូនៃនាវាឆ្មាំល្បាតឆ្នេរចិន ដែលកំពុងរារាំង និងប្រើកាណុងបាញ់ទឹក ក្នុងទិសដៅរបស់នាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។
ក្រុមអាជ្ញាធរហ្វីលីពីនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ (៥ សីហា) នៅជិតច្រកសមុទ្រ Thomas Shoal ទីពីរ ដោយទីក្រុងម៉ានីលហៅទីនោះថាច្រកសមុទ្រ Ayungin Shoal ជាថ្មប៉ប្រះទឹក ដែលទាហានមួយចំនួនតូចរបស់ពួកគេរស់នៅលើកប៉ាល់អាមេរិកសម័យសង្គ្រាមលោកលើកទី២ ដែលបានទុកចោលនៅទីនោះកាលពីឆ្នាំ១៩៩៩។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបានប្រឆាំងថា ខ្លួនបានអនុវត្តការត្រួតពិនិត្យចាំបាច់ស្របតាមច្បាប់ដើម្បីរារាំងកប៉ាល់ហ្វីលីពីន ដែលខ្លួនបានចោទប្រកាន់ពីបទរំលោភបំពាន និងដឹកជញ្ជូនសម្ភារៈសំណង់ខុសច្បាប់។
ប្រទេសចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលជាការអះអាងត្រូវបានបដិសេធជាអន្តរជាតិ ដោយជារឿយៗធ្វើឱ្យប្រទេសជិតខាងរបស់ខ្លួនខឹងសម្បាជាមួយនឹងសកម្មភាពដែនសមុទ្រដែលពួកគេហៅថាឈ្លានពាន និងជាមួយនឹងសកម្មភាពរយៈពេលវែងដូចជា ការកសាងកោះនៅលើថ្មប៉ប្រះទឹក ព្រមទាំងបំពាក់ដោយមីស៊ីល និងទីលានចតយន្តហោះនៅទីនោះផងដែរ៕
