បេឡារុស៖ ក្រុមប្រឆាំងដែលនិរទេសខ្លួនរបស់ប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បានជួបប្រជុំគ្នានៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យនៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការតវ៉ាក្រោយការបោះឆ្នោតដែលមិនបានជោគជ័យរបស់ពួកគេ ដើម្បីបង្ហាញពីការរួបរួម និងផែនការយុទ្ធសាស្រ្តរួមទាំងការចេញលិខិតឆ្លងដែន«បេឡារុសថ្មី»។
ដោយត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០២២ ដោយលោក ស្រី ស្វីអាតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) រដ្ឋាភិបាលស្វ័យប្រកាសដែលនិរទេសខ្លួន បានបើកស្ថានទូតជំនួសជាង២០ និងមជ្ឈមណ្ឌលព័ត៌មាន នៅបរទេស។
លោកស្រី ទីខាណូស្កាយ៉ា មានវ័យ៤០ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ដែលបានរត់គេចខ្លួនបន្ទាប់ពីបានធ្វើការប្រឆាំងនឹងលោក លូកាសិនកូ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលក្រុមអ្នករិះគន់បានហៅថា មានការលួចបន្លំ បាននិយាយថា គណបក្សប្រឆាំងនឹងស្វែងរកការទទួលស្គាល់ពីអន្តរជាតិសម្រាប់លិខិតឆ្លងដែនជំនួសនោះ។
ថ្លែងនៅឯសណ្ឋាគារមួយក្នុងទីក្រុងវ៉ាសូវី ( Warsaw ) ទៅកាន់សកម្មជនរាប់រយនាក់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមពលរដ្ឋ លោកស្រី ទីខាណូស្កាយ៉ា បានជំរុញឲ្យកងកម្លាំងប្រឆាំងនៅក្រៅប្រទេសរួបរួមគ្នា និងគាំទ្រការបង្កើតចលនា«បេឡារុសថ្មី»នេះ៕


