ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៧ ជាមួយនឹងការសង្ឃឹមជឿជាក់ថា ឯកឧត្តមនឹងដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបង្ហាញនូវការមើលឃើញពីចំណេះដឹង ខ្ពស់គុណធម៌ សីលធម៌ ប្រជាប្រិយភាព និងសមត្ថភាពគ្រប់គ្រាន់ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមអង្គុយលើកៅអីនាយករដ្ឋមន្ត្រី ។
ប្រជាពលរដ្ឋមូលដ្ឋានេះដែរ ក៏បាននិយាយថា ពួកគេមានការពេញចិត្តជាខ្លាំងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងគាំទ្រពេញទំហឹង ដែលឯកឧត្តម នឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិថ្មីនេះ ហើយសង្ឃឹមជឿជាក់ថា ឯកឧត្តម នឹងដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងថែរក្សានូវសុខសន្តិភាព ឲ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្តជារៀងរហូត ។
ជាមួយគ្នានេះ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកថ្មី ក៏បានគាំទ្រចំពោះលទ្ធផលផ្លូវការ នៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ដែលគណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ដែលលទ្ធផលនេះ គឺពិតជាបានឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតពិតប្រាកដ ៕អត្ថបទ៖ បាន សុខរិទ្ធិ
