អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើទស្សនកិច្ចនៅព្រលានយន្តហោះមួយកន្លែងនៅទីតាំងដែលពុំបានបញ្ជាក់ឈ្មោះកាលពីថ្ងៃអាទិត្យ ដើម្បីអបអរដល់អាកាសយានិកទាំងបុរសនិងស្ត្រីដែលកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី និងដើម្បីពិនិត្យមើលយន្តហោះផលិតនៅសូវៀត បំពាក់នូវអ្វីដែលទំនងជាមីស៊ីល Anglo-French Storm Shadow ។
លោក Zelenskiy បានពិនិត្យមើលប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចចំនួនពីរគ្រឿងគឺប្រព័ន្ធដែនអាកាសប៉ាទ្រីយ៉ូតនិង Iris T-SLM ដែលត្រូវបានដាក់តាំងបង្ហាញនៅព្រលានយន្តហោះមួយកន្លែងដែលមិនបានបញ្ជាក់ឈ្មោះឱ្យដឹង។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីលោក Sergei Aksyonov ប្រធានតំបន់គ្រីម៉េដែលលើកបន្តុបដោយទីក្រុងមូស្គូបាននិយាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងខណៈរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានបំផ្លាញស្ពាននៅផ្លូវ Chonhar ដែលតភ្ជាប់ពីដីគោកអ៊ុយក្រែនទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ។
សារព័ត៌មាន RIA បានដកស្រង់សម្តីអភិបាលក្រុង Kherson ស្តីទី លោក Vladimir Saldo ជាអ្នកត្រូវបានលើកបន្តុបដោយទីក្រុងមូស្គូម្នាក់ទៀត ដោយនិយាយថា ការវាយប្រហារទៅលើស្ពាន ជាផ្លូវមួយក្នុងចំណោមផ្លូវតភ្ជាប់ទាំងបីរវាងតំបន់គ្រីម៉េនិងអ៊ុយក្រែនដីគោក ពាក់ព័ន្ធនឹងមីស៊ីល Anglo-French Storm Shadow ប៉ុន្តែលោកពុំបានផ្តល់ភស្តុតាងណាមួយឡើយ៕
