ទុយនីស៊ី៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា សាកសពជនអន្តោប្រវេសន៍១០នាក់ ត្រូវបានរកឃើញនៅលើឆ្នេរមួយកន្លែងក្នុងប្រទេសទុយនីស៊ី ក្បែរទីក្រុង Sfax ដែលបានឃើញការកើនឡើងនៅឆ្នាំនេះក្នុងការឆ្លងកាត់សមុទ្រឆ្ពោះទៅអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាចម្បងមកពីផ្នែកផ្សេងៗនៃទ្វីបអាហ្រ្វិក ដោយប៉ុនប៉ងធ្វើដំណើរដោយគ្រោះថ្នាក់ជាញឹកញាប់តាមទូកគ្មានសុវត្ថិភាព ក្នុងក្តីសង្ឃឹមពីជីវិតកាន់តែប្រសើរ។ កងឆ្មាំជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសព១០នាក់ ត្រូវបានរកឃើញក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅនេះដោយអង្គភាពឆ្មាំឆ្នេរសមុទ្រ នៅភាគខាងជើងទីក្រុង Sfax នៅភាគខាងកើត ប្រទេសទុយនីស៊ី។ អ្នកនាំពាក្យតុលាការទីក្រុង Sfax លោក Faouzi Masmoudi បានប្រាប់សារព័ត៌មាន AFP ថា តុលាការត្រូវបានគេជូនដំណឹងអំពីការរកឃើញសាកសពប្រាំបីនាក់ ដែលជាក់ស្តែងជាជនជាតិអាហ្វ្រិកនៅអនុតំបន់សាហារ៉ាហើយក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេ។ លោក Masmoudi បាននិយាយថា ជនអន្តោប្រវេសន៍ដែលបានស្លាប់ត្រូវបានគេរកឃើញនៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងអំឡុងពេលមានព្យុះ ដែលអាចពន្លិចទូករបស់ពួកគេ ប៉ុន្តែបានកត់សម្គាល់ថាពុំមានការរាយការណ៍ពីបំណែកទូកលិចនៅជិតក្រុង Sfax នោះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ពួកគេប្រហែលជាបានចាប់ផ្តើមចេញពីតំបន់ផ្សេងទៀតតាមបណ្តោយឆ្នេរប្រទេសទុយនីស៊ី។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្រ្វិកខាងជើងបានឲ្យដឹងថា សាកសពចំនួន ៩០១នាក់ ត្រូវបានរកឃើញនៅឆ្នាំនេះគិតត្រឹមថ្ងៃទី ២០ ខែកក្កដា បន្ទាប់ពីមានឧបទ្ទវហេតុ នៅសមុទ្រមេឌីទែរ៉ាណេ ហើយ ៣៤,២៩០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ឬត្រូវបានស្ទាក់ចាប់។ ក្រសួងនិយាយថាភាគច្រើននៃជនអន្តោប្រវេសន៍គឺមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជិត ៩០.០០០ នាក់បានមកដល់ប្រទេសអ៊ីតាលីនៅឆ្នាំនេះ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយថា ភាគច្រើននៃជនអន្តោប្រវេសន៍បានចាប់ផ្តើមពីប្រទេសទុយនីស៊ី ឬប្រទេសជិតខាងលីប៊ី៕

