ជប៉ុន៖ ព្យុះត្រូពិកដ៏មានឥទ្ធិពល Khanun កំពុងបក់ឆ្ពោះទៅកាន់ភាគខាងកើត ដោយកំពុងនៅព័ទ្ធជុំវិញតំបន់ Amami របស់ខេត្ត Kagoshima និងតំបន់ដ៏ទៃទៀតក្នុងតំបន់ព្យុះ។ មន្ត្រីអាកាសធាតុកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមពពកភ្លៀងសកម្ម អាចវិវឌ្ឍទៅភាគខាងត្បូងតំបន់គ្យូស៊ូ(Kyushu) និងតំបន់ Amami រហូតដល់ព្រឹកថ្ងៃអង្គារ។
ភ្លៀងធ្លាក់ខ្លាំងពុំធ្លាប់មានក្នុងកំណត់ត្រា ដែលលើសខ្លាំងពីទឹកភ្លៀងធ្លាក់ជាប្រចាំកម្រិតមធ្យម អាចធ្លាក់នៅតំបន់ Kyushu និងតំបន់ជាច្រើនទៀតនៅផ្នែកសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសជប៉ុនភាគខាងកើតនិងភាគខាងលិច រហូតដល់អំឡុងថ្ងៃព្រហស្បតិ៍។
ទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងតំបន់ជាច្រើននៅឆ្ងាយពីព្យុះ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នជាមុន ដូចជា ពិនិត្យមើលផែនទីនៃគ្រោះថ្នាក់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះKhanun កំពុងបក់យឺតៗទៅភាគឦសាននៅលើទឹកមានចម្ងាយ១៨០គីឡូម៉ែត្រភាគអាគ្នេយ៍ ទីក្រុង Amami ក្នុងខេត្ត Kagoshima ខណៈនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់។
ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅរបស់វាទៅភាគខាងជើង និងខិតទៅជិតខ្លាំងតំបន់ Kyushu នៅថ្ងៃពុធ។ ភ្លៀងធ្លាក់២៤ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិត ៣០០មីលីម៉ែត្រ នៅទីក្រុង Amami និងតំបន់ Kyushu ភាគខាងត្បូង និង២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Shikoku(ស៊ីកូគុ) និងតំបន់ Tokai៕
