អ៊ីស្រាអែល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ទាហានស៊ីរី៤នាក់ ត្រូវបានសម្លាប់និង៤នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលកាលពីពេលយប់។ ទីភ្នាក់ងារសារព័ត៌មាន Sana បានដកស្រង់សម្តីពីប្រភពយោធាដោយនិយាយថា ការវាយប្រហារនៅជិតរដ្ឋធានីដាម៉ាស់ បានបណ្តាលឲ្យមានការបំផ្លាញសម្ភារៈមួយចំនួនផងដែរ។ ប្រភពបានអះអាងថា មីស៊ីលរបស់អ៊ីស្រអែលមួយចំនួន ត្រូវបានបាញ់ទម្លាក់។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលពុំទាន់បានធ្វើការអធិប្បាយណាមួយនៅឡើយ។ ជាញឹកញាប់អ៊ីស្រាអែលតែងតែដាក់គោលដៅមកលើទីតាំងយោធាក្នុងប្រទេសស៊ីរីដែលមានទំនាក់ទៅនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួននៅក្នុងទីក្រុងដាម៉ាស់ បានរាយការណ័ថា បាលឺសំឡេងផ្ទុះជាច្រើន។ វីដេអូដែលបានផុសនៅលើបណ្តាញផ្សព្វផ្សាយសង្គមជាការអះអាងបង្ហាញពីពន្លឺដ៏ភ្លឺ នៅលើអាកាស នៅទីជិតខាងទីក្រុងដាម៉ាស់។
កាលពីខែកុម្ភៈ ប្រទេសស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលពីការសម្លាប់ជនស៊ីវិល៤នាក់និងទាហានម្នាក់ ក្នុងការវាយប្រហារដោយមីស៊ីលលើទីក្រុងដាម៉ាស់។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលកម្រទទួលស្គាល់ការវាយប្រហារជាក់លាក់លើគោលដៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលឥទ្ធិពលរបស់អ៊ីរ៉ង់បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
