ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា គិតមកត្រឹមពេលនេះ មិនទាន់អាចកំណត់កាលបរិច្ឆេទបើកដំណើរការសាលារៀនទាំងរដ្ឋ និងឯកជនគ្រប់សិក្សាវិញនោះទេ។ ការមិនទាន់អាចសម្រេច និងកំណត់ពេលវេលាច្បាស់លាស់បើកសាលាឡើងវិញនេះ គឺដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ។ នេះជាការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
ក្រោយផ្អាកដំណើរការសាលារៀនទូទាំងប្រទេសចាប់តាំងពី ថ្ងៃទី ២០ខែមិនាមកទល់ពេលនេះ ក្រសួងអប់រំយុវជន និងកីឡា នៅតែមិនទាន់អាចកំណត់កាលបរិច្ឆេទបើកដំណើរការសាលារៀនទូទាំងប្រទេសវិញនោះទេ។ ការមិនទាន់អាចកំណត់នេះ គឺដោយសារតែព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមិនទាន់បានបិទបញ្ចប់ ហើយករណីឆ្លងនៅបន្តច្រើនរយនាក់ជារៀងរាល់ថ្ងៃ ទោះមួយរយៈពេលចុងក្រោយនេះ មានករណីឆ្លងថមថយមួយចំនួនក្ដី។ នេះជាការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា។
ឯកឧត្តម អ្នកនាំពាក្យ លើកឡើងបន្ថែមថា ទោះបីជាមិនទាន់អាចកំណត់កាលបរិច្ឆេទបើកដំណើរការសាលារៀនឡើងវិញ យ៉ាងណាក្ដី ក្រសួងអប់រំក៏បានប្រជុំពីការកំណត់យុទ្ធសាស្ត្រសម្រាប់ការបើកសាលារៀនឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីសុវត្ថិភាព។ ម្យ៉ាងវិញទៀតខណៈពេលនេះ គ្រូបង្រៀននិងបុគ្គលិកអប់រំទូទាំងប្រទេសចំនួន ៨៥ភាគរយ នៃចំនួនសរុប១៥៨ ០០០នាក់បានចាក់វ៉ាក់សាំងរួចរាល់។
ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ក្រសួងអប់រំយុវជន និងកីឡា បន្តលើកទឹកចិត្តឱ្យសិស្សគ្រប់រូបត្រូវតែយកចិត្តទុកដាក់ដោយធ្វើស្វ័យសិក្សា និងសិក្សាតាមប្រពន្ធអនឡាញ។ ការសិក្សាតាមប្រព័ន្ធអនឡាញ ក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមអនុវត្តតាំងពីវិបត្តិកូវីដ-១៩ ដែលកើតឡើងតាំងពីឆ្នាំ ២០២០មកម្ល៉េះ។ បច្ចុប្បន្ននេះ ក្រសួងអប់រំក៏មានជម្រើសជាច្រើនសម្រាប់សិស្សគ្រប់រូបអាចសិក្សាពីចម្ងាយបាន ដោយមានការបង្រៀនតាមទូរទស្សន៍ ទទក ២ ការបង្រៀនតាមប្រព័ន្ធយូធូប និងការបង្រៀនតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំផងដែរ។ ថ្មីៗនេះក្រសួងអប់រំ ក៏បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបានបង្កើតនិងដាក់ឱ្យប្រើប្រាស់ កម្មវិធីស្វ័យសិក្សា MoEYS E-Learning។ លើសពីនេះ ក៏មានការចូលរួមពីវិស័យឯកជន E-School Cambodia ដើម្បីផ្ដល់ការសិក្សាតាមប្រព័ន្ធអនឡាញផងដែរ។
បច្ចុប្បន្ននេះ កម្ពុជាកំពុងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេស ជាពិសេសនៅទីតាំងភូមិសាស្ត្រដែលមានការឆ្លងខ្ពស់ដូចជានៅរាជធានីភ្នំពេញ។ គិតមកត្រឹមថ្ងៃទី ២០ឧសភា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ២ ១៩៨ ៥៤៧ នាក់ នៃចំនួនប្រជាជនគោលដៅទទួលការចាក់វ៉ាក់សាំងចំនួន ១០លាននាក់។ យ៉ាងណាម៉ិញ មកទល់ពេលនេះកម្ពុជា មិនទាន់មានយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ អាយុក្រោម១៨ឆ្នាំនោះទេ៕
អត្ថបទ ៖ គឹមហុក