អាមេរិក៖ អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅរោងចក្រកែឆ្នៃប្លាស្ទិក ស្ថិតក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ ក្នុងនោះក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយក្រុមមន្រ្តី បានចេញការព្រមានពីបញ្ហាសុខភាព ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ មកពីក្រុមជួយសង្រ្គោះអគ្គិភ័យក្រុង Albuquerque ( អាល់ប៊ូគើគី)ក្រុមជួយសង្រ្គោះអគ្គិភ័យស្រុក Bernalillo និងកងកម្លាំងរបស់មូលដ្ឋានកងទ័ពអាកាស Kirtland កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ភាគខាងត្បូងទីក្រុង Albuquerque ស្របពេលដែលស្ថានភាពប្រែក្លាយឧបទ្ទេវហេតុអាសន្នជាច្រើន ។
រូបភាពវីដេអូឃ្លីបពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ឃើញរោងចក្រហ៊ុព័ទ្ធដោយអណ្តាតភ្លើង និងផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក ។

គ្មានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែក្រុមមន្រ្តីក្រុង បានចេញសេចក្តីប្រកាសអាសន្នពីបញ្ហាសុខភាព នៅក្នុងតំបន់ ដោយសារតែការកខ្វក់ខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងពីផ្សែងភ្លើងឆេះប្លាស្ទិក ។
ដោយឡែក ខ្យល់បក់ខ្លាំង បាននាំផ្សែងទៅកាន់តំបន់ជាច្រើននៅភាគអាគ្នេយ៍ទីក្រុង Albuquerque និងជ្រលងភ្នំខាងត្បូង ជាទីដែលក្រុមមន្រ្តីណែនាំឲ្យរឹតត្បិតសកម្មភាពខាងក្រៅ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ៕