ឥណ្ឌា៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Phayengស្ថិតនៅរដ្ឋភាឦសាន Manipurប្រទេសឥណ្ឌា ដែលភាគច្រើនមកពីសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Meitei បានធ្វើលេណដ្ឋានដើម្បីការពារក្រុមគ្រួសាររបស់ពួកគេ ស្របពេលដែលមនុស្សរាប់ពាន់នាក់ រស់នៅដោយការភ័យខ្លាច ក្រោយតំបន់មួយនេះ រងភាពរង្គោះរង្គើរដោយសារការប៉ះទង្គិចគ្នាជនជាតិដើមភាគតិចស្លាប់មនុស្សជាបន្តបន្ទាប់ ។
ភូមិ Phayengដែលស្ថិតនៅក្នុងស្រុក West Imphal គឺជាភូមិព្រំប្រទល់សម្រាប់សហគមន៍ជម្លោះទាំង ២ ដែលរួមមានសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Meitei និងសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Kuki ។
ក្រុមអ្នកភូមិ បានរៀបចំលេណដ្ឋាន ហើយនិងការពារភូមិរបស់ពួកគេនៅគ្រប់ម៉ោងនៃវេនយាមកាមរបស់ពួកគេ ។

គួរឲ្យដឹងថា អំពើហិង្សា បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា នៅរដ្ឋ Manipurក្រោយតុលាការបញ្ជាឲ្យរដ្ឋមួយនេះ ពិចារណាលើការបន្តអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសដល់សហគមន៍ Meitei និងកូតាការងាររដ្ឋ និងការអប់រំ ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ ត្រូវបានគេបម្រុងទុកសម្រាប់កុលសម្ព័ន្ធ Kuki ។
មនុស្សជាង ១៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីអំពើហិង្សាចាប់ផ្តើមនៅរដ្ឋ Manipur ដែលជារដ្ឋមានពលរដ្ឋ ៣,២លាននាក់ ជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា ។
លោក Devinដែលជាឆ្មាំលេណដ្ឋានម្នាក់ និយាយថា កុលសម្ព័ន្ធផ្សេងទៀត ចាប់ផ្តើមវាយប្រហារមកលើសហគមន៍កុលសម្ព័ន្ធ Meiteiរបស់ពួកយើង ហើយក្រោយមកពួកយើងក៏ចាប់ផ្តើមការពារខ្លួន ពួកយើងការពារភូមិរបស់ពួកយើង ពួកយើងធ្វើលេណដ្ឋាននៅលើដីព្រៃ ដើម្បីសុវត្ថិភាពរបស់ពួកយើង ៕
