ប៉ាគីស្ថាន៖ ការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ពីបទប្រព្រឹត្តអំពើពុករលួយ បានជំរុញឱ្យមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប៉ុន្តែមិនមានសញ្ញានៃការបះបោរដ៏ធំណាមួយកាលពីថ្ងៃអាទិត្យ (៦ សីហា)នោះទេ បើទោះបីជាលោកអំពាវនាវឱ្យក្រុមអ្នកគាំទ្រធ្វើការតវ៉ាក៏ដោយ។
ការជាប់ពន្ធនាគាររបស់លោក Khan បានធ្វើឱ្យមានកង្វល់ថ្មីៗអំពីអំពើហឹង្សានៅមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ដោយបច្ចុប្បន្ននេះលោកត្រូវបានដកសិទ្ធិពីការប្រកួតប្រជែង ហើយបានធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតដែលមិនរាប់បញ្ចូលរូបលោក។
កាលពីថ្ងៃអាទិត្យ ក្រុមមេធាវីរបស់លោក Imran Khan បានរិះគន់ថា ពួកគេត្រូវបានគេបដិសេធមិនឲ្យចូលជួបលោកសម្រាប់ការពិគ្រោះយោបល់ ដូច្នេះពួកគេអាចនឹងរៀបចំករណីផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងការកាត់ទោសរបស់លោក Khan។
ក្រុមមន្ត្រីមកពីគណបក្សចលនាយុត្តិធម៌សម្រាប់ប៉ាគីស្ថាន (PTI) របស់លោក Khan បាននិយាយថា ក្រុមអ្នកគាំទ្រប្រហែល៥០នាក់ត្រូវបានឃុំខ្លួនពេញមួយយប់ ខណៈដែលនគរបាលបានធ្វើប្រតិបត្តិការយ៉ាងឆាប់រហ័សប្រឆាំងនឹងការតវ៉ា បន្ទាប់ពីលោក Khan ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ។
នៅក្នុងសវនាការតុលាការដែលលោក Khan មិនបានចូលរួមកាលពីថ្ងៃសៅរ៍ ចៅក្រមមួយរូបបានរកឃើញថាលោកមានទោសពីបទពុករលួយ ទាក់ទងនឹងអំណោយដែលលោកបានទទួលកាលពីលោកនៅជានាយករដ្ឋមន្ត្រី ហើយបានកាត់ទោសលោក Khan ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៕

