សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានមានព្រះបន្ទូល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា វិហារកាតូលិក គឺបើកចំហសម្រាប់មនុស្សគ្រប់រូប ក្នុងនោះរួមទាំងសមាជិកនៃសហគមន៍ស្រឡាញ់ភេទដូចគ្នាផងដែរ ហើយមានបន្ទូលថា វិហារមានកាតព្វកិច្ចអមដំណើរពួកគេនៅលើផ្លូវផ្ទាល់ខ្លួនខាងចិត្តវិញ្ញាណ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់របស់វិហារ។

គិតចាប់តាំងពីការចាប់ផ្តើមជាសម្ដេចសង្ឈកាតូលិក សម្ដេច ប៉ាប បានព្យាយាមធ្វើឲ្យវិហារកាតូលិកកាន់តែមានការស្វាគមន៍ជាងមុន ហើយកាត់បន្ថយការថ្កោលទោស រួមទាំងសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែដោយគ្មានការផ្លាស់ប្តូរការបង្រៀន ដែលជំរុញអ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះឲ្យទទួលបានភាពបរិសុទ្ធ។
ជាមួយគ្នានេះ ដោយមានបន្ទូលទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ ដែលព្រះអង្គយាងត្រឡប់ពីប្រទេសព័រទុយហ្គាល់មកទីក្រុងរ៉ូមវិញនោះ សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានមានបន្ទូលថា សុខភាពរបស់ព្រះអង្គ គឺល្អប្រសើរធម្មតា បន្ទាប់ពីការវះកាត់ព្យាបាលជំងឺក្លនក្នុងពោះ កាលពីខែមិថុនា។ ព្រះអង្គបានប្រាប់ថា ថ្នេរដេរត្រូវបានដកចេញ ប៉ុន្តែត្រូវមានប្រដាប់ពាក់លើក្បាលពោះរយៈពេល ២ ទៅ ៣ខែទៀត រហូតដល់សាច់ដុំរឹងមាំឡើងវិញ។
ដោយគង់លើយន្តហោះត្រឡប់ពីពិធីបុណ្យ World Youth Day Catholic Festival នៅប្រទេសព័រទុយហ្គាល់ សម្តេចប៉ាប ដែលមានព្រះជន្ម ៨៦ព្រះវស្សា បានបង្ហាញវត្តមានជាមួយនឹងព្រះសុខភាពល្អប្រសើរ ខណៈដែលបានសួរសំណួរអស់រយៈពេលប្រហែលកន្លះម៉ោង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការធ្វើដំណើរដោយគង់លើរទេះកង់តាមទម្លាប់របស់ព្រះអង្គ ដោយមានបន្ទូលពីការយាងទៅទស្សនកិច្ច នៅប្រទេសបារាំងនាពេលខាងមុខ ការរំលោភបំពានផ្លូវភេទ និងវិធីដើម្បីឲ្យបានទៅដល់ពួកយុវវ័យ តាមរយៈការអធិដ្ឋាន៕
