កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ និងប្រគល់រទេះជនពិការ ចំនួន៥គ្រឿង ជូនដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ បាន នាំយកថ្នាំពេទ្យ និងរទេះជនពិការចំនួន ៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៩០នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន១១៥៧នាក់ ស្រី ៧៩៨នាក់ ស្ថិតនៅដែលជាតំបន់ដាច់ស្រយាលភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយសហការជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ស្រុក លោកអភិបាលស្រុក ឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។
លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី អនុប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ បានលើកឡើងរួមគ្នាថា ការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ មិនប្រកាន់គណបក្សនយោបាយនោះទេ ប៉ុន្តែក្រុមគ្រូពេទ្យ គឺជាគ្រូពេទ្យគណបក្សប្រជាជនកម្ពុជា ដោយធ្វើការព្យាបាលជំងឺដោយមិនប្រកាន់នោះទេ។ ហើយការព្យាបាលជំងឺនេះ ចុះមកដល់មូលដ្ឋានផ្ទាល់តែម្តង ព្រមទាំងរងចាំទទួលសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គ្រាន់តែបញ្ចប់ការបោះឆ្នោតនីតិកាលទី៧ រួចរាល់ហើយនោះ ក៏ក្រុមគ្រូពេទ្យបន្តបេសកកម្ម ចុះមកព្យាបាលភ្លាមៗ។
ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋក្នុងឃុំតាសាល ស្រុកឱរ៉ាល់ទាំងអស់ មានទឹកចិត្តសប្បាយរីករាយឥតឧបមា ដែលបានទទួលនូវអំណោយសុខមាលភាពដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានីនេះ និងសូមគោរពថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងគិតគូរ និងដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសលើសុខមាលភាពប្រជាជនទូទៅ។
នាឱកាសនោះឯកឧត្តម លេង ផាលី បានថ្លែងថា ក្នុងរយៈពេល១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៦ សីហា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត បានចំនួន១១១៦លើក ក្នុងនោះពិនិត្យ និងព្យាបាលជំងឺបានចំនួន ១១,៨៨៤,៥៣៥នាក់ (ដប់មួយលានប៉ែតសិបប្រាំបីម៉ឺន បួនពាន់ ប្រាំរយ សាមសិបប្រាំ នាក់) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងស្ម័គ្រចិត្ត ចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង ២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបានចំនួន ១០,៦៤៨,៧៥០ដូស (ដប់លានហុកសិបបួនម៉ឺនប្រាំបីពាន់ប្រាំពីររយហាសិប ដូស)ក្នុង២៥រាជធានី-ខេត្ត បានចំនួន ២ ភាគ៣ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៩៤,២២៦,៧៥០ដុល្លារ (ប្រាំរយកៅសិបបួនលាន ម្ភៃពីរម៉ឺន ប្រាំមួយពាន់ ប្រាំពីររយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)៕ អត្ថបទ៖ រដ្ឋា


















