
ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានចាប់ផ្តើមចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតសភា ក្នុងខែមីនា ដែលនឹងក្លាយជាលើកដំបូង ចាប់តាំងពីមានការតវ៉ាទូទាំងប្រទេស បានធ្វើឲ្យប្រទេសនេះរង្គោះរង្គើ កាលពីឆ្នាំមុន។
ប្រទេសអ៊ីរ៉ង់ បានរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភាជាប្រចាំ ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩។ ប៉ុន្តែស្ថាប័នបព្វជិតមួយ បានជ្រើសរើសបេក្ខភាព ដោយដកសិទ្ធិពីបុគ្គលណាដែលត្រូវគេមើលឃើញថា មិនស្មោះត្រង់ចំពោះសាធារណរដ្ឋឥស្លាម ហើយមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមីណេ ( Ayatollah Ali Khamenei) បានមានប្រសាសន៍ចុងក្រោយលើគោលនយោបាយសំខាន់ៗទាំងអស់។
ប្រទេសអ៊ីរ៉ង់ បានឃើញការតវ៉ាទូទាំងប្រទេសជាច្រើនខែ ដែលបង្កឡើងដោយការស្លាប់របស់នាងម៉ាសា អាមីនី ( Mahsa Amini) អាយុ ២២ ឆ្នាំដែលត្រូវបានឃុំខ្លួនដោយនគរបាលសីលធម៌ពីបទរំលោភលើច្បាប់សំលៀកបំពាក់ដ៏តឹងរ៉ឹងរបស់ប្រទេសនេះ។ ការតវ៉ា បានកើនឡើងទៅក្នុងការអំពាវនាវឲ្យមានការផ្ដួលរំលំបព្វជិតកាន់អំណាច ដែលជាការប្រឈមដ៏ធំបំផុតមួយចំពោះការគ្រប់គ្រងរយៈពេល៤ទសវត្សរ៍របស់ពួកគេ។
ការតវ៉ាភាគច្រើន បានចុះខ្សោយបន្តិចម្តងៗ បន្ទាប់ពីអាជ្ញាធរ បានបើកការបង្ក្រាបយ៉ាងខ្លាំងក្លាដែលអ្នកតវ៉ាជាង ៥០០ នាក់ត្រូវបានសម្លាប់ និងជិត ២ ម៉ឺននាក់ត្រូវបានឃុំខ្លួន។ កាលពីខែមុន នគរបាលសីលធម៌ បានត្រឡប់ទៅតាមដងផ្លូវវិញក្នុងយុទ្ធនាការជាថ្មីមួយ ដើម្បីបង្ខំស្ត្រីឲ្យជួតក្បាលក្រមាជាកាតព្វកិច្ច ដែលគេស្គាល់ថា ជាហ៊ីចាប។

