
ព្យុះទឹកកកដ៏ខ្លាំងក្លា បានបោកបក់លើតំបន់ Friuli Venezia Giuliaរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ធ្វើឲ្យផ្លូវថ្នល់គ្របដណ្តប់ដោយដុំទឹកកកនៅសង្កាត់ Reana del Royale និងសង្កាត់ Tarcento។
វីដេអូដែលបញ្ចេញដោយក្រុមការពារស៊ីវិលអ៊ីតាលីនៅតំបន់ Friuli Venezia Giuliaឃើញផ្លូវថ្នល់ គ្របដណ្តប់ដោយដុំទឹកកកយ៉ាងក្រាស់ ។
ដោយឡែក ព្យុះទឹកកកចំនួន ២ដែលបោកបក់ក្នុងល្បឿន ១០០គ.មក្នុង១ម៉ោង បានបោកបក់លើទីក្រុង Milan ត្រឹមរយៈពេលគំលាតពីគ្នា ៥ថ្ងៃប៉ុណ្ណោះ កាលពីខែកក្កដាកន្លងទៅ ។
តំបន់មួយនេះ ទើបតែរងផលប៉ះពាល់ដោយសាររលកកម្តៅធ្ងន់ធ្ងរទេ ដែលបានវាយប្រហារស្ទើតែទូទាំងប្រទេសអ៊ីតាលី ធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ ៤៤អង្សាសេនៅកោះ Sicily ។
សូមបញ្ជាក់ថា អ៊ីតាលីស្ថិតនៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារបម្រែបម្រួលអាកាសធាតុ ហើយនិងរងគ្រោះដោយសារទឹកជំនន់ កាលពីខែឧសភា ៕