
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា កាលពីថ្ងៃអាទិត្យម្សិលមិញ ជនសង្ស័យអេស្ប៉ាញក្នុងករណីឃាតកម្មលើគ្រូពេទ្យវះកាត់កូឡុំប៊ី បានជួយនគរបាលថៃក្នុងការស៊ើបអង្កេតរបស់ពួកគេនៅកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ ស្ថិតនៅលើកោះភាគអាគ្នេយ៍ Phangan។
នគរបាលថៃ និយាយកាលពីថ្ងៃអាទិត្យថា លោក Daniel Sancho Bronchaloដែលជាកូនប្រុសវ័យ ២៩ឆ្នាំរបស់តារាសម្តែងដ៏ល្បីល្បាញអេស្ប៉ាញលោក Rodolfo Sancho Aguirre និងអ្នកស្រី Silvia Bronchalo បានផ្តល់ចម្លើយទទួលទោសលើករណីឃាតកម្ម ហើយនិងបំបែកសាកសពគ្រូពេទ្យវះកាត់កូឡុំប៊ីវ័យ ៤៤ឆ្នាំ Edwin Arrieta Arteaga។
សាកសពរបស់លោក Arrietaត្រូវបានរកឃើញនៅលើដីចាក់សម្រាម កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែសីហា ស្ថិតនៅលើទេសចរណ៍ដ៏ល្បីល្បាញមួយនេះ។
ទូរទស្សន៍ក្នុងស្រុក បានចាក់ផ្សាយរូបភាពវីដេអូឃ្លីប ដែលលោក Sancho និយាយទៅកាន់នគរបាលពីរឿងរ៉ាវលម្អិតនៃឃាតកម្ម ឃើញគាត់បង្ហាញពួកគេទីតាំង ដែលគាត់បានជួលទូកដឹកសាកសាពរបស់លោក Arrieta ចូលទៅក្នុងមហាសមុទ្រ។
គួររំឭកថា រូបភាពកាមេរ៉ាសុវត្ថិភាព ឃើញលោក Sancho និងលោក Arrieta ជិះកង់ជាមួយគ្នា រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគេរកឃើញសាកសពរបស់គាត់៕