
កងទ័ពអាកាសទីក្រុងគីវ និយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបើកការវាយប្រហារទាំងយប់ទៅលើតំបន់ជនបទអ៊ុយក្រែន ជាមួយនឹងការវាយប្រហារតាមច្រកអាកាស ៧០លើក រួមទាំងមីស៊ីលតម្រង់គោលដៅ និងមីស៊ីលល្បឿនជាងសំឡេង ក៏ដូចជាយានដ្រូនផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយក្នុងនោះមីស៊ីលយ៉ាងហោច ១០គ្រាប់ ទំនងជាបានឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញអ្វីដែលពួកគេអះអាងថា ជាអណ្តាតភ្លើងនៅជង្រុកគ្រាប់ធុញ្ញជាតិកសិកម្មសម្រាប់កាកសំណល់ពោតនៅទីក្រុង Starokostiantynivស្ថិតក្នុងតំបន់ Khmelnytskyi ចន្លោះទីក្រុងគីវ និងទីក្រុង Lvivនៅភាគខាងលិចប្រទេស ដែលពួកគេនិយាយថា វាបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី និងធ្វើឲ្យកម្មករម្នាក់ រងរបួស ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយចំពោះកាលបរិច្ឆេតនៃវីដេអូនេះ ។
អភិបាលរងតំបន់ Khmelnytskyiលោក Serhiy Tiurin និយាយថា មូលដ្ឋានទ័ពអាកាសនៅទីក្រុង Starokostiantynivស្ថិតក្នុងចំណោមគោលដៅនៃការវាយប្រហារ ហើយអគ្គិភ័យបានឆាបឆេះឡើងនៅជង្រុកគ្រាប់ធុញ្ញជាតិ ។
គួររំឭកថា រុស្ស៊ីធ្លាប់បានវាយប្រហារមូលដ្ឋានទ័ពអាកាសទីក្រុង Starokostiantyniv ស្ថិតនៅតំបន់ Khmelnytskyi កាលពីដំណាច់ខែកក្កដាកន្លងទៅ ៕