
មេធាវីម្នាក់ ក្នុងចំណោមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ បាននិយាយថា ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យជួបកូនក្ដីរបស់ខ្លួន នៅថ្ងៃចន្ទ (ទី៧ ខែសីហា) មុនពេលពួកគេ ដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសពីបទពុករលួយ ដែលបាននាំឲ្យអតីតកីឡាករគ្រីកឃិក ត្រូវជាប់ក្នុងមន្ទីរឃុំឃាំង។
លោក Khan វ័យ ៧០ឆ្នាំ គឺជាបុគ្គលដ៏សំខាន់នៃការនាំឲ្យមានវិបត្តិនយោបាយ ចាប់តាំងពីរូបលោក ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត កាលពីឆ្នាំមុន ដោយវិបត្តិនេះ ធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងឡើងអំពីស្ថិរភាព ក្នុងប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ ក្នុងខណៈពេលដែលប្រទេសនេះ រកវិធីដោះស្រាយវិបត្តិសេដ្ឋកិច្ច។
នគរបាល បាននាំខ្លួន លោក Khan ចេញពីគេហដ្ឋានរបស់លោកក្នុងទីក្រុង Lahore កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) ហើយបានបញ្ជូនលោកទៅកាន់ពន្ធនាគារ នៅតំបន់ Attock ក្បែររដ្ឋធានីអ៊ីស្លាម៉ាបាដ (Islamabad) ជាកន្លែងដែលតុលាការបានកាត់ទោសរូបលោកពីបទពុករលួយ ដែលកើតចេញពីការលក់ទ្រព្យសម្បត្តិរដ្ឋ។
ការផ្តន្ទាទោស ដែលលោក Khan ច្រានចោលថា មានហេតុផលនយោបាយនោះ ទំនងជាមានន័យថា រូបលោកនឹងត្រូវដកសិទ្ធិមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតសកល ដែលនឹងត្រូវកំណត់នៅខែវិច្ឆិកានោះឡើយ។
ដោយបន្ថែមថា បណ្ដឹងឧទ្ធរណ៍នឹងកើតមានបន្ទាប់ពីលោក Khan បញ្ចប់ឯកសារទាំងស្រុងនោះ មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់លោក Khan លោក Naeem Panjhuta បាននិយាយថា៖ «អាជ្ញាធរពន្ធនាគារ បានផ្តល់ពេលវេលាឲ្យយើងជួបលោក Imran Khan នៅម៉ោង ១២:៣០យប់ (ត្រូវនឹងម៉ោង៧:៣០នាទីព្រឹក ម៉ោងសកល)។ យើងបានទៅដល់ពន្ធនាគារ នៅតំបន់ Attock»៕