បាល់ទាត់៖ ខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ចូលរួមការហ្វឹកហាត់ជាមួយមិត្តរួមក្រុម Wolverhampton Wanderers វិញបានច្រើនហើយ និងសង្ឃឹមថាអាចចូលលេងវិញបានធម្មតាពេញលេញនៅរដូវកាលក្រោយ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានអវត្តមានពីខែវិច្ឆិកាដើមរដូវកាលម្ល៉េះ ដោយរបួសស្រាំឆ្អឹងលលាក្បាលពេលជួបជាមួយក្រុម Arsenal នៅ Emirate Stadium ក្របខណ្ឌ English Premier League។

Raul Jimenez បានវិលមកហ្វឹកហាត់វិញជាមួយមិត្តរួមក្រុម ស្របពេល Wolves នឹងត្រូវប្រកួតបិទបញ្ចប់រដូវកាលទល់នឹង Manchester United។ វេជ្ជបណ្ឌិតរបស់ក្លិបលោក Matt Perry បាននិយាយថា ស្ថានភាពក្បាលរបស់ Jimenez ល្អប្រសើរច្រើនណាស់ តែក៏ត្រូវការថ្នមខ្លួន និងសម្រាកអោយបានច្រើនបន្ថែមទៀត ដើម្បីអោយប្រាកដថា គេអាចលេងបានពេញលេញវិញនៅរដូវកាលក្រោយខាងមុខនេះ។ សូមបញ្ជាក់ថា អវត្តមានរបស់ខ្សែប្រយុទ្ធជួរមុខ Raul Jimenez ក៏បានក្លាយជាបញ្ហាកង្វះកម្លាំងនៅតំបន់ប្រយុទ្ធផងដែរសំរាប់ Wolves ដែលកំពុងឈរលេខ ១២ ក្នុងតារាង៕
អត្ថបទ៖នាង សុភាវុធ