អាមេរិក៖ ការិយាល័យរដ្ឋាភិបាលជាច្រើនកន្លែងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់វ៉ាស៊ីនតោន បានបិទកាលពីព្រឹកថ្ងៃចន្ទ ដោយសារការមកដល់នៃព្យុះភ្លៀងលាយលំជាមួយផ្គររន្ទះ ខណៈប្រជាពលរដ្ឋទូទាំងភាគខាងកើត សហរដ្ឋអាមេរិក ត្រូវបានព្រមានថាអាចនឹងមានព្យុះកួច កម្លាំងខ្យល់អាចបំផ្លិចបំផ្លាញ និង ការធ្លាក់ដុំទឹកកកធំៗ មុនឈានចូលដល់ថ្ងៃអង្គារនេះ។
សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា មនុស្សជាង២៩,៥លាននាក់រស់នៅតំបន់មួយចាប់ពីរដ្ឋអាឡាបាម៉ា (Alabama) ដល់ភាគខាងលិចរដ្ឋ New York ជាទីដែលមានហានីភ័យនៃព្យុះកួច មុនម៉ោង១១យប់។
សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា ហានីភ័យខ្លាំងបំផុតគឺបណ្ដារដ្ឋស្ថិតចំណុចប្រសព្វមហាសមុទ្រអាត្លង់ទិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ តំបន់មួយចំនួនអាចមើលឃើញព្យុះមានកម្លាំង ជាង៧៥ ម៉ាយក្នុងមួយម៉ោង និងធ្លាក់ដុំទឹកកកធំជាងគ្រាប់កូនហ្គោល ។
អតិថិជនជាង៨សែននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងភាគខាងត្បូង និងបណ្ដារដ្ឋស្ថិតចំណុចប្រសព្វមហាសមុទ្រអាត្លង់ទិក នេះបើយោងតាមគេហទំព័រតាមដានថាមពលអគ្គិសនី PowerOutage.us.។
បណ្ណាល័យ សារមន្ទីរ សួនសត្វជាតិ អាងហែលទឹក និងទីក្រុងផ្សេងៗ ព្រមទាំងសេវាសហព័ន្ធនានា នៅក្នុងតំបន់វ៉ាស៊ីនតោន ក៏ត្រូវបានបិទកាលពីព្រឹកថ្ងៃដដែល ផងដែរ ។ការិយាល័យគ្រប់គ្រងបុគ្គលិករបស់សហរដ្ឋអាមេរិក និយាយថា ក្រុមបុគ្គលិកសហព័ន្ធត្រូវតែចាកចេញពីកន្លែងការងារមិនឲ្យយឺតជាងម៉ោង៣រសៀល ឡើយ។
FlightAware ដែលជាគេហទំព័រតាមដានការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថាជើងហោះហើរជាង២ពាន់៣រយជើង ត្រូវបានលុបចោល រួមទាំង ៩៥ជើង នៅអាកាសយានដ្ឋានជាតិ Washington Reagan ។ ជើងហោះហើរ របស់អាមេរិក ចំនួន៦,៨០០ទៀត ត្រូវបានពន្យារពេលហោះហើរ៕

