ក្លិបជើងឯកបារាំង Paris Saint Germain បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Goncalo Ramos ក្នុងកិច្ចសន្យាខ្ចីពេញមួយរដូវកាល។
នៅក្នុងកិច្ចសន្យាខ្ចីនោះដែរ ក៏មានចងភ្ជាប់ជាមួយលក្ខខណ្ឌទិញផ្តាច់ក្រោយផុតកិច្ចសន្យាខ្ចីក្នុងតម្លៃ ៦៥ លានអឺរ៉ូ និងប្រាក់បន្ថែម ១៥ លានអឺរ៉ូផ្សេងទៀត។

កីឡាករវ័យ ២២ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯងនៅ World Cup ឆ្នាំមុន ដែលធ្វើឱ្យក្លិបធំៗ នៅអឺរ៉ុបចាប់អារម្មណ៍។
រដូវកាលមុន Ramos ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតឱ្យ Benfica។

ការមកដល់របស់ Ramos ស្របពេលដែលអនាគតរបស់ Kylian Mbappe មិនទាន់ដឹងថាទៅជាយ៉ាងណា ក៏ស្របពេលដែល Neymar ចង់ចាកចេញពីក្លិបផងដែរ។
Ramos មកដល់ PSG គឺជាកីឡាករទី ៩ ហើយ បន្ទាប់ពីអ្នកចាំទី Arnau Tenas, Milan Skriniar, Lucas Hernandez, Marco Asencio, Manuel Ugarte, Lee Kang-in, Xavi Simons និង Hugo Ekitike។
លីគកំពូលបារាំង Ligue1 នឹងចាប់ផ្តើមរដូវកាលថ្មីចុងសប្តាហ៍នេះហើយដោយ PSG ត្រូវបើកទ្វាផ្ទះទទួល Lorient នៅថ្ងៃអាទិត្យ៕ អត្ថបទ៖នាង សុភាវុធ
