អាមេរិក៖ ក្រុមការងារអ្នកច្បាប់របស់អតីតប្រធានាធិបតីលោក Donald Trump បានវាយបកវិញកាលពីថ្ងៃចន្ទ អមដោយបណ្ដឹងថ្មីទៅកាន់តុលាការ ដោយបានជជែកវែកញែកអំពីដែនកំណត់ដែលបានស្នើឡើងរបស់ក្រសួងយុត្តិធម៌លើការចេញផ្សាយភស្តុតាងនៅក្នុងសំណុំរឿងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២០ ដែលរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់លោក Trump ខណៈលោកឈរឈ្មោះសម្រាប់ការតែងតាំងបេក្ខភាពក្នុងគណបក្សសាធារណរដ្ឋ។

យោងតាមឯកសាររបស់តុលាការកាលពីថ្ងៃចន្ទ ក្រុមការងាររបស់លោក Trump និយាយថា ដីកាការពារគឺទូលំទូលាយពេក។ ឯកសារនេះអះអាងថាអតីតប្រធានាធិបតី គួរតែត្រូវបានដាក់កម្រិតតែនៅពេលដែលនិយាយអំពីការចែករំលែកភស្តុតាងដ៏រសើប ជាមួយសាធារណៈជនហើយថា ក្រុមមេធាវីស្ម័គ្រចិត្ត គួរតែមានសិទ្ធិពេញលេញក្នុងការស្រាវជ្រាវក្នុងករណីនេះ។
មេធាវីរបស់លោក Trump បានសរសេរនៅក្នុងបណ្ដឹងនោះថា នៅក្នុងការកាត់ក្តីអំពីសិទ្ធិវិសោធនកម្មទីមួយ រដ្ឋាភិបាលស្វែងរកការរឹតបន្តឹងសិទ្ធិវិសោធនកម្មទីមួយ ។
ឯកសារនោះបានសរសេរថា រឿងកាន់តែអាក្រក់ជាងនេះ ការធ្វើបែបនេះ ប្រឆាំងនឹងគូប្រជែងនយោបាយចម្បងរបស់រដ្ឋបាលរបស់ខ្លួន ក្នុងរដូវបោះឆ្នោត ដែលរដ្ឋបាល សមាជិកបក្សលេចធ្លោ និងសម្ព័ន្ធភាពប្រព័ន្ធផ្សព្វផ្សាយបានធ្វើយុទ្ធនាការលើការចោទប្រកាន់ និងផ្សព្វផ្សាយការចោទប្រកាន់មិនពិត។
សំណើរបស់ក្រសួងយុត្តិធម៌ ដែលត្រូវបានប្តឹងមួយថ្ងៃបន្ទាប់ពីលោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស ចំពោះការចោទប្រកាន់ដែលថារូបលោកបានសមគំនិតដើម្បីបង្វែរលទ្ធផល ចាញ់ការបោះឆ្នោតឆ្នាំ ២០២០ របស់លោកចំពោះលោក Joe Biden រួមមានផ្ទាំងរូបភាពដែលដកចេញអេក្រង់ ឬ screenshot នៃសារដែលលោក Trump បង្ហោះនៅលើ បណ្ដាញសង្គមTruth Social ៕