ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានប្រាប់ទៅកាន់ក្លិប Paris Saint Germain ថាចង់ចាកចេញហើយ នេះបើតាម ការចុះផ្សាយនៅលើសារព័ត៌មានជាច្រើននៅក្នុងប្រទេសបារាំង។ ជុំវិញរឿងនេះដែរ PSG មិនទាន់បានឆ្លើយតបនៅឡើយ។
មកទល់ពេលនេះគេមិនទាន់ដឹងថា គ្រូបង្វឹក PSG ថ្មីលោក Luis Enrique បានទុក Neymar នៅក្នុងគម្រោងសម្រាប់រដូវកាលថ្មីរឺអត់នៅឡើយ ស្របពេលអនាគតរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏មិនទាន់ដឹងថានៅរឺទៅ។
ដំណឹងចង់ចាកចេញរបស់ Neymar បានក្លាយជាប្រធានបទក្តៅមួយសម្រាប់ក្លិបយក្សបារាំងមួយនេះ បន្ទាប់ពីការចាកចេញរបស់ Lionel Messi ទៅកាន់ Inter Miami តមក Mbappe ក៏ចង់ចាកចេញ ហើយនៅពេលនេះ Neymar ម្នាក់ទៀត ដែលមានន័យប្រយុទ្ធជួរមុខល្បីឈ្មោះទាំង ៣ របស់ PSG សុទ្ធតែចង់ចាកចេញ។

Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោកនៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។
តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ
