ចិន៖ ប្រទេសចិនកំពុងប្រឈមមុខនឹងប្រតិកម្មជាអន្តរជាតិកាន់តែខ្លាំងឡើង បន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរមួយរបស់ខ្លួន បានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ដោយក្រុមអ្នកវិភាគឧបទ្ទវហេតុជាច្រើននិយាយថា ស្ថានភាពកាន់តែតានតឹង ហើយអាចឃើញសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបង្កើនល្បឿនផែនការសម្រាប់សមយុទ្ធល្បាតរួមគ្នានៅក្នុងផ្លូវទឹក។
វីដេអូពីហ្វីលីពីនបានបង្ហាញពីនាវាឆ្មាំល្បាតឆ្នេរចិនដ៏ធំមួយគ្រឿង បានបាញ់កាណុងទឹកលើនាវាហ្វីលីពីន ដ៏តូចមួយគ្រឿង ដែលកំពុងព្យាយាមបញ្ជូនការផ្គត់ផ្គង់ដល់យោធភូមិភាគហ្វីលីពីន នៅលើច្រកសមុទ្រទី២ ឈ្មោះថា Thomas Shoal ជាតំបន់សមុទ្រចិនខាងត្បូងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល ដែលប្រទេសចិនហៅថាតំបន់នោះថាច្រកសមុទ្រ Renai Reef ហើយថែមទាំងទាមទារតំបន់នោះជាទឹកដីអធិបតេយ្យភាពរបស់ខ្លួនទៀតផង។

គិតត្រឹមថ្ងៃអាទិត្យ សម្ព័ន្ធមិត្តសំខាន់របស់ទីក្រុងម៉ានីល គឺទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសសកម្មភាពរបស់ចិន ហើយបានរំលឹកឡើងវិញថា ខ្លួននឹងបំពេញកាតព្វកិច្ចសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយហ្វីលីពីន។
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានចូលរួមនៅក្នុងរណសិរ្សរួបរួមជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលផងដែរ។ អូស្ត្រាលី ជប៉ុន និងអាល្លឺម៉ង់ បានហៅសកម្មភាពរបស់ចិនថា គ្រោះថ្នាក់ និងធ្វើឱ្យមានអស្ថិរភាព។
ហើយស្ថានទូតកាណាដានៅទីក្រុងម៉ានីលបាននិយាយថា រដ្ឋធានីអូតាវ៉ា «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុដែលបានធ្វើឡើងដោយឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន»៕
