ចិន៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ផលិតគ្រាប់ធញ្ញជាតិឈានមុខគេរបស់ប្រទេសចិននៅភាគឦសាន ដោយបានសម្លាប់មនុស្ស១៤នាក់ និងបង្កើនការព្រួយបារម្ភអំពីសន្តិសុខស្បៀង ខណៈដែលទឹកជំនន់បានជន់លិចដីស្រែចំការជាច្រើន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅចុងភាគខាងជើងក្នុងខេត្ត ហ៊ីឡុងជាំង (Heilongjiang) ដែលនៅជិតខាងនោះ ទន្លេដែលស្រោចស្រពដីស្រែមានជីជាតិបានជោរជន់ វាលស្រែត្រូវបានលិចទឹក ផ្ទះកញ្ចក់ជាច្រើនសម្រាប់ដាំបន្លែត្រូវបានបំផ្លាញ និងរោងចក្រនានាក៏ត្រូវខូចខាតផងដែរ។
ការជន់លិចដីស្រែចម្ការនេះ បានបន្ថែមការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាន លើសន្តិសុខស្បៀងនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ ដោយសារអាកាសធាតុដ៏ធ្ងន់ធ្ងរដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ បង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ការផ្គត់ផ្គង់កសិកម្ម និងស្បៀងអាហាររបស់ប្រទេសចិន។
ការបំផ្លិចបំផ្លាញដល់វាលស្រែនៅភាគឦសាននៃប្រទេសចិននេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងខែឧសភា បានជន់លិចខេត្តហឺណាន (Henan) ជាតំបន់ដាំដុះគ្រាប់ធញ្ញជាតិដ៏សំខាន់មួយទៀត ដែលផលិតស្រូវសាលីប្រហែលមួយភាគបីនៃប្រទេសនេះផងដែរ៕

