អ៊ុយក្រែន៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែសីហា) ថា ខ្លួនបានឃុំខ្លួនអ្នកផ្តល់ព័ត៌មានម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជួយប្រទេសរុស្ស៊ីរៀបចំផែនការវាយប្រហារលើលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) នៅពេលដែលលោកបានចុះទៅមើលតំបន់ដែលរងគ្រោះដោយទឹកជំនន់។
សេវាសន្តិសុខ SBU បានឲ្យដឹងថា ស្ត្រីដែលត្រូវបានឃុំខ្លួនកំពុងប្រមូលផ្តុំការស៊ើបការណ៍ ដើម្បីព្យាយាមស្វែងរកផ្លូវធ្វើដំណើររបស់លោកហ្សេឡិនស្គី មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់មីកូឡេអ៊ីវ (Mykolaiv) ភាគខាងត្បូង។
សេវានេះ បានផ្សព្វផ្សាយរូបភាពមិនច្បាស់របស់ស្ត្រី ដែលត្រូវបានឃុំខ្លួនដោយមន្ត្រីពាក់ម៉ាស់ ក្នុងផ្ទះបាយ ព្រមទាំងសារទូរស័ព្ទមួយចំនួន និងកំណត់ហេតុសរសេរដោយដៃអំពីសកម្មភាពយោធា។
ប្រទេសអ៊ុយក្រែន តែងតែចោទប្រកាន់អ្នកស្រុកដែលគាំទ្ររុស្ស៊ីពីបទបញ្ជូនព័ត៌មានទៅជួយយោធារបស់ទីក្រុងម៉ូស្គូ៕

