ក្រុមសហម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំនេះអូស្រ្តាលី នៅមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួនឡើយនៅ បាល់ទាត់នារីពិភពលោក ២០២៣ លើទឹកដីរបស់ខ្លួនក្រោយយកឈ្នះដាណឺម៉ាក ២-០។
Caitlin Foord រកបានគ្រាប់នាំមុខឱ្យអូស្រ្តាលីនៅនាទីទី ២៩ វគ្គទី ១ មុនពេលវគ្គទី ២ អូស្រ្តាលីរកបានគ្រាប់ធានាជ័យជំនះនៅនាទីទី ៧០ ដោយ Hayley Raso។
ជ័យជំនះនេះធ្វើឱ្យក្រុមនារីអូស្រ្តាលីនឹងបន្តទៅវគ្គ ៨ ក្រុមចុងក្រោយថ្ងៃសៅរ៍នេះជួបអ្នកឈ្នះរវាងបារាំង រឺម៉ារ៉ុក។

កីឡាការិនីដែលពេញដោយបទពិសោធ Sam Kerr ក៏បានចូលលេងជាលើកដំបូងផងដែរឆ្នាំនេះ ក្រោយផ្លាស់ប្តូរចូលជំនួស Hayley Raso ១០ នាទីចុងក្រោយ។
រំលឹកថា អូស្រ្តាលីធ្លាប់ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់នារីជើងឯកពិភពលោកម្តងកាលពីឆ្នាំ២០១៥។


ចំណែកដាណឺម៉ាកដែលបង្ហាញខ្លួននៅ World Cup លើកដំបូងតាំងពីឆ្នាំ ២០០៧ នោះ ក៏បានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយលើកដំបូងដែរក្នុងរយៈពេល ២៨ ឆ្នាំ។
ងាកមកការប្រកួតមួយគូទៀត អតីតក្រុមលេខ ៣ ឆ្នាំ ២០១៥ អង់គ្លេសព្រលឹងចុងសក់ទំរាំឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះនីហ្សេរីយ៉ាដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
នីហ្សេរីយ៉ា មិនអាចធ្វើអ្វីបានឡើយទោះអង់គ្លេសសល់គ្នាតែ ១០ នាក់នៅពេល Lauren James ទទួលបានកាតក្រហមនៅនាទីទី ៨៧ តែម៉ោងបន្ថែម ១៥ នាទីពីរដងក៏នៅតែគ្មានគ្រាប់បាល់។

វគ្គ ១១ ម៉ែត្រកាត់សេចក្តីអង់គ្លេសស៊ុតមុនតែមិនសំរេចដោយ Georgia Stanway តែនីហ្សេរីយ៉ាក៏ស៊ុតមិនចូលដែរ ២ ជើងផ្ទួនៗ ខណៈកីឡាការិនី Chloe Kelly ជាអ្នកសម្រេចគ្រាប់ជ័យជំនះឱ្យអង់គ្លេស ៤-២ លើនីហ្សេរីយ៉ា។
អង់គ្លេសនឹងបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយរង់ចាំជួបអ្នកឈ្នះរវាងកូឡុំប៊ី រឺសាម៉ាអ៊ីក៕ អត្ថបទ៖នាង សុភាវុធ

