វៀតណាម៖ យោងតាមគណៈកម្មការជាតិបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសវៀតណាម កាលពីថ្ងៃចន្ទ បំណាក់ដីនិងទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃ បានឆក់យកជីវិតមនុស្សសរុបចំនួន៨នាក់ និង៣នាក់ផ្សេងទៀតរងបរបួស នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ដល់ទី៦ខែសីហា។
គណៈកម្មការខាងលើនិយាយថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ៤នាក់នៅក្នុងខេត្តឡៃឆូ(Lai Chau)២នាក់នៅក្នុងខេត្តយិនបៃ (Yen Bai) ម្នាក់នៅក្នុងខេត្តថៃ ង្វ្រៀន(Thai Nguyen) និងម្នាក់ទៀតនៅក្នុងខេត្តសើនឡា (Son La) ដោយបន្ថែមថា មនុស្ស៣នាក់ត្រូវបានរាយការណ៍ថាបានរងរបួសនៅក្នុងខេត្តឡៃឆូ ។
យោងតាមគណៈកម្មការនេះ គ្រោះមហន្តរាយនេះ បានបំផ្លិចបំផ្លាញលំនៅឋានចំនួន២៤ខ្នង និងផ្ទះសម្បែង១២៨ខ្នងទៀតរងការខូចខាត ព្រមទាំងផ្ទៃដីដំណាំស្រូវ និងដំណាំផ្សេងទៀតចំនួន៣០ហិចតា ក៏ត្រូវបានខូចខាតផងដែរ។
កាសែតក្នុងស្រុកវៀតណាម បានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី៤ខែសីហាមក តំបន់ភាគខាងជើងនេះ បានកត់ត្រាកម្រិតភ្លៀងធ្លាក់ពី១០០ទី២០០មីលីម៉ែត្រ និងជិត៤០០មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួន បណ្ដាលឲ្យមានទឹកជំនន់នៅតាមទន្លេតូចៗ បង្កជាទឹកជំនន់ដ៏គំហុក និងបំណាក់ដីជាដើម ៕

