រុស្ស៊ី៖ ប្រទេសរុស្ស៊ីនឹងបាញ់បង្ហោះយានអវកាសចុះចត នៅភពព្រះចន្ទ ជាលើកដំបូង ក្នុងរយៈពេល ៤៧ឆ្នាំ នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ ដើម្បីប្រណាំងប្រជែងជាមួយប្រទេសឥណ្ឌា ក្នុងការឆ្ពោះទៅកាន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលជាកន្លែងប្រភពទឹកដ៏មានសក្តានុពល សម្រាប់ទ្រទ្រង់វត្តមានមនុស្ស នាពេលអនាគត នៅទីនោះ។
ដោយកំណត់ការចុះចតនៅប៉ូល នាថ្ងៃទី២៣ ខែសីហា ការបាញ់បង្ហោះពីកន្លែងបាញ់បង្ហោះតារាសាស្ត្រ Vostochny ដែលមានទីតាំងចម្ងាយ ៣,៤៥០ម៉ាយល៍ (៥,៥៥០គីឡូម៉ែត្រ) ភាគខាងកើតទីក្រុងម៉ូស្គូ នឹងកើតមានឡើងក្នុងរយៈពេល ៤សប្តាហ៍ បន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ជូនយានចន្ត្រាយាន-3 (Chandrayaan-3) ទៅចុះចតនៅភពព្រះចន្ទ។
ដោយសារកត្តាភូមិសាស្ត្រ ពោលគឺផ្ទៃដីមានលក្ខណៈរដិបរដុប ធ្វើឲ្យការចុះចតនៅទីនោះ មានការលំបាក ប៉ុន្តែប៉ូលខាងត្បូង គឺជាគោលដៅដ៏មានតម្លៃមួយ ពីព្រោះអ្នកវិទ្យាសាស្ត្រជឿថា ទីនោះអាចផ្ទុកបរិមាណទឹកកកសំខាន់ៗ ដែលអាចប្រើសម្រាប់ការទាញយកឥន្ធនៈ និងអុកស៊ីហ្សែន ក៏ដូចជាទឹកសម្រាប់បរិភោគផងដែរ។
ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា យានអវកាស Luna-25 របស់ខ្លួន នឹងចំណាយពេល ៨ថ្ងៃ ដើម្បីហោះហើរទៅកាន់ភពព្រះចន្ទ ហើយបន្ទាប់មកចំណាយពេលពី ៥ ទៅ ៧ថ្ងៃ ក្នុងគន្លងភពព្រះចន្ទ មុនពេលចុះចតនៅលើទីតាំងចុះចតមួយក្នុងចំណោមទីតាំងចុះចតចំនួន៣ ដែលអាចចុះចតនៅកៀកនឹងប៉ូល ដោយតារាងពេលវេលាបញ្ជាក់ថា យាននោះអាចផ្គូផ្គង ឬយកឈ្នះតិចតួចលើគូប្រជែងឥណ្ឌា ក្នុងការចុះចតលើផ្ទៃរបស់ភពព្រះចន្ទនេះ។
សូមបញ្ជាក់ថា យានចន្ត្រាយាន-3 (Chandrayaan-3) របស់ឥណ្ឌា គ្រោងនឹងដំណើរការកិច្ចការពិសោធន៍រយៈពេលពីរសប្តាហ៍ ខណៈដែលយាន Luna-25 របស់រុស្ស៊ីនេះ នឹងធ្វើការងាររបស់ខ្លួននៅលើភពព្រះចន្ទរយៈពេលមួយឆ្នាំ៕


